(បាត់ដំបង)៖ លោក អង្គ វង្ស វឌ្ឍានា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកមោងឬស្សី នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សមាជិក-សមាជិកាគណបក្ស ទូទាំងស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ពិធីផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីសមាជិកក្រុមការងារចុះជួយឃុំទាំង៩ និងសមាជិក សមាជិកាគណបក្សប្រជាជន នៅមូលដ្ឋានស្រុកមោងឬស្សី សរុប៥០០នាក់ផងដែរ។
លោក អង្គ វង្ស វឌ្ឍានា ក៏បានជម្រាបជូនអង្គពិធីនូវសភាពការណ៍នយោបាយ សេដ្ឋកិច្ចជាតិ និងអន្តរជាតិ ពិសេសព្រឹត្តការណ៍ នៃការរំលាយគណបក្សសង្គ្រោះជាតិ។
យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោកប្រធានក្រុមការងារ បានជំរុញឲ្យសមាជិក សមាជិកាគណបក្ស ខិតខំរួបរួមសាមគ្គីគ្នា ថែរក្សានូវសន្តិភាព និងសន្តិសុខជាតិ ឲ្យបានឋិតថេរគង់វង្ស។
ជាមួយគ្នានេះ លោក អង្គ វង្ស វឌ្ឍានា ក៏បានជំរុញឲ្យសមាជិក សមាជិកាគណបក្ស ត្រូវរក្សាសាមគ្គីផ្ទៃក្នុង និងបន្តខិតខំចុះជួយ និងបម្រើប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ ដើម្បីទទួលបាននូវទំនុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ឈានទៅរកជ័យជំនះក្នុងការបោះឆ្នោតព្រឹទ្ធសភា និងបោះឆ្នោតជាតិ នាពេលខាងមុខ៕