(កំពង់ស្ពឺ)៖ បន្ទាប់ពីដេកសម្រាកកម្សាន្ត យ៉ាងរំភើយ និងប្រកបដោយសុវត្ថិភាព រយៈពេល១យប់១ថ្ងៃ នៅតំបន់អេកូទេសចរណ៍ចំបក់ ស្ថិតក្នុងឧទ្យាជាតិគិរីរម្យ នៅខេត្តកំពង់ស្ពឺនោះ លោក William A. Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងគ្រូបរទេសប្រមាណ២០នាក់ នៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចាកចេញពីតំបន់កម្សាន្តធម្មជាតិនេះហើយ ដើម្បីត្រឡប់ទៅកាន់រាជធានីភ្នំពេញ។ នេះបើតាមការអះអាងរបស់សមត្ថកិច្ច ប្រចាំនៅតំបន់នោះ។
ការដើរកម្សាន្ត និងដេកនៅតំបន់ព្រៃភ្នំរបស់ អគ្គរដ្ឋទូតអាមេរិក និងគ្រូបរទេសខាងលើ ក្នុងទឹកដីប្រទេសកម្ពុជានេះ ត្រូវបានសាធារណជនជាច្រើន យល់ឃើញថា ដោយសារតែប្រទេសកម្ពុជា ជាប្រទេសដែលពោរពេញទៅដោយសន្តិភាព សុវត្ថិភាព ដែលមិនមែនជាប្រទេសដែលអសន្តិសុខរងនៅអំពើភេរវកម្មញឹកញាប់ ដូចសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទេ។
មជ្ឈដ្ឋាននានាក៏បានលើកឡើងទៀតថា បើសិនជាកម្ពុជាមានស្ថានភាពអសន្តិសុខ ដូចប្រទេសមួយចំនួននោះ ម្ល៉េះលោកអគ្គរដ្ឋទូត នឹងមិនហ៊ានដើរកម្សាន្តនៅតំបន់ដាច់ស្រយ៉ាលបែបនេះឡើយ ហើយក៏ប្រហែលជាត្រូវមានអង្គរក្ស ការពារសុវត្ថិភាពយ៉ាងតឹងរឹងថែមទៀតផង។
សមត្ថកិច្ចប្រចាំនៅតំបន់នោះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅចុងសប្តាហ៍នេះ លោក William A. Heidt បានជ្រើសរើសតំបន់ទេសចរណ៍ចំបក់ ដើម្បីដឹកនាំក្រុមគ្រូបង្រៀនអូស្រ្តាលី(ម្នាក់) អង់គ្លេស (២នាក់) កូរ៉េ (ម្នាក់) និងអាមេរិក (១៦នាក់) ប្រមាណ២០នាក់ ទៅដេកកម្សាន្ត និងស្រូបយកខ្យល់អាកាសធម្មជាតិដ៏បរិសុទ្ធ បន្ទាប់ពីលោកសម្រាកពីការងារ។
សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា នៅពេលសម្រាកកម្សាន្តនៅតំបន់នេះ លោក William A. Heidt បានប្រាប់ទៅក្រុមសមត្ថកិច្ចប្រចាំការថា លោកមិនត្រូវការសមត្ថកិច្ចការពារសុវត្ថិភាពជូនលោកនោះឡើយ ដោយលោកទុកចិត្តថា នៅតំបន់នោះ មានសុវត្ថិភាពពេញលេញហើយ។