(ព្រៃវែង)៖ លោក ស្ដើង សុខុម អនុប្រធានទី១ថ្នាក់កណ្ដាលចុះជួយស្រុកកំចាយមារ ខេត្តព្រៃវែងមកពីគណបក្សកាន់អំណាច បានថ្លែងថា សេចក្តីសុខសុភមង្គលរបស់ជាតិ និងប្រជាជនកម្ពុជា គឺជាបំណងប្រាថ្នា និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា។
លោក ស្តើង សុខុម លើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់មន្ត្រីបក្សមូលដ្ឋានជាង ៣០០នាក់ មកពីគ្រប់ឃុំទូទាំងស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។
បើតាមសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ថ្នាក់កណ្ដាលចុះជួយស្រុកកំចាយមាររូបនេះអះអាងថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែបន្តដឹកនាំប្រទេស គឺប្រទេសជាតិត្រូវតែរស់រានមានជីវិត គង់វង្សតរៀងទៅ ដោយរក្សាឲ្យបាននូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ សំដៅក៏សាងធានាឲ្យបាននូវសុខសន្តិភាព សិរីភាព និងគោរពច្បាប់ជាមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋ។
លោក ស្តើង សុខុម បន្តទៀតថា ដរាបណាបក្សប្រជាជននៅមានវត្តមាន គឺបក្សប្ដេជ្ញាខិតខំអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនគ្រប់វិស័យអោយប្រជាជនកាន់តែមានជីវភាពធូរធារ។
«អ៊ីចឹង!ឯកសារគោលនយោបាយមានច្រើន ប៉ុន្តែបើនិយាយពីគោលដៅធំៗរបស់គណបក្សប្រជាជនកម្ពុជាតែម្ដង គឺកម្ពុជាត្រូវតែរស់រានមានជីវិតក្នុងពិភពលោកជានិច្ចនិរន្តរ៍តរៀងទៅ។ កម្ពុជាត្រូវប្រកាន់គោលការណ៍ប្រជាធិបតេយ្យ ពលរដ្ឋត្រូវតែមានសុខមានសន្តិភាពពេញលេញ សេរីភាពក្នុងការនិយាយស្តី ដើរហើរ ប្រកាន់និន្នាការនយោបាយ ប្រកបមុខរបរទទួលទាន កាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម…ប៉ុណ្នឹងមិនគ្រប់ទេ បាននិងកំពុងធ្វើយ៉ាងម៉េច ឲ្យប្រជាជនមានជីវភាពកាន់តែល្អប្រសើរធូរធារ»។ លោក ស្ដើង សុខុម បញ្ជាក់។
លោកក៏បានរំលេចពីខិតខំប្រឹងប្រែងរបស់សម្ដេចប្រធាន និងសម្ដេចអនុប្រធានគណបក្សក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលជាច្រើនរាប់មិនអស់ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។ លោកក៏បានឆ្លៀតរិះគន់ដល់អតីតគណបក្សសង្គ្រោះជាតិ ដែលចង់ដឹកនាំប្រទេសដោយគាំទ្របដិវដ្ដន៍ពណ៌ ដែលមានសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចនៅពីក្រោយខ្នង។ តែទីបំផុតផែនការរបស់ពូកគេត្រូវបរាជ័យ ដោយសារតែប្រជាពលរដ្ឋមិនគាំទ្រ ហើយត្រូវទទួលរងនូវវិធានការណ៍ច្បាប់ ដោយចាប់ខ្លួនក្បាលម៉ាស៊ីនដឹកនាំ និងរំលាយគណបក្ស។
លោកថ្លែងបន្តថា «គឺគណបក្សហ្នឹង គាត់ធ្វើខុស! ហើយគាត់ធ្វើតាមការបង្គាប់បញ្ជាបរទេស សួរថា ហេតុអីអាមេរិកធ្វើបែបហ្នឹងព្រោះគាត់ចង់បានឥទ្ធិពលនយោបាយ ដើម្បីឈរជើងនៅស្រុកយើង។ យើងមើលឃើញទាំងអស់គ្នា អ្នកណាគេជាអ្នកមកទម្លាក់គ្រាប់បែកស្ទើរពេញផ្ទៃប្រទេស? ហើយបន្សល់ទុកមកដល់ថ្ងៃនេះ គឺអាមេរិក! គ្រាប់បែកធ្លាក់មក ធ្វើអោយប៉ះពាល់អ្វីខ្លះនៅក្នុងសង្គមជាតិយើង? ធ្វើឲ្យនយោ បាយកម្ពុជាយើងយ៉ាងម៉េចខ្លះ? យើងគួរមើលអោយឃើញចំណុចនេះ»។
លោក ស្តើង សុខុម ក៏បានបន្តរិះគន់ផងដែរ ចំពោះការញុះញង់ឲ្យអាមេរិក និងសហគមអឺរ៉ុបឈប់ទិញទំនិញពីកម្ពុជា ដែលត្រូវបានធ្វើឡើងដោយអតីតប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីតែប្រយោជន៍របស់ខ្លួន និងក្រុមខ្លួន។ ជាពិសេសចុងក្រោយនេះមានការបង្កើតចល នាសង្គ្រោះជាតិ ដែលអាចនឹងឈានដល់ភាពចលាចល បង្ករហិង្សា ជំលោះប្រដាប់អាវុធ ប៉ះពាលដល់សេចក្ដីសុខរបស់ប្រជាជន ប៉ះពាល់ដល់ការវិនិយោគ ដែលការនេះតម្រូវឲ្យរដ្ឋាភិបាលត្រូវមានវិធានការទប់ស្កាត់ និងអនុវត្តច្បាប់ជាចាំបាច់។
អនុប្រធានទី១នៃក្រុមការងារចុះជួយស្រុកកំចាយមារ ក៏បានផ្ដាំផ្ញើដល់មន្ត្រីបក្សទូទាំងស្រុកកំចាយមារ ត្រូវដឹងពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាអោយបានច្បាស់ ហើយមានភារកិច្ចអនុវត្ត និងផ្សព្វផ្សាយទៅគ្រប់សមាជិក សមាជិការ ប្រជាពលរដ្ឋ ពិសេសជំរុញអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឲ្យបានជោគជ័យ៕