(កែប)៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានក្រើនរំឭកថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃអាជ្ញាធរមីនទាំងអស់ ត្រូវសាមគ្គីជាធ្លុងមួយ និងបំពេញការងារទៅតាមថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីសម្រេចឲ្យបាននូវបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឲ្យប្រជាពលរដ្ឋទាំងអស់រស់នៅ និងប្រកបមុខរបដោយគ្មានការភ័យខ្លាចនឹងបញ្ហាមីន និងគ្មានគ្រោះថ្នាក់អ្វីទាំងអស់។
លោករំឭកដាស់តឿនបែបនេះ ក្នុងឱកាសបិទសិក្ខាសាលាស្តីពីការកំណត់ទិសដៅការងារ ឆ្នាំ២០១៨ និងស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីន នៅខេត្តកែប នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់ ដែលបានពិភាក្សាគ្នាយ៉ាងផុសផុល ដើម្បីកំណត់គោលដៅការងារឲ្យបានច្បាស់លាស់ ជាពិសេសអាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងវិស័យសកម្មភាពមីន ត្រូវរៀបចំផែនការយុទ្ធសាស្ត្រឲ្យបានត្រឹមត្រូវ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយលោកបានថ្លែងអំណរគុណដល់អង្គការ UNDP និងអង្គការ DFID ដែលតែងតែគាំទ្រដល់សកម្មភាពវិស័យមីនរបស់អាជ្ញាធរមី និងការគាំទ្រឲ្យមានអង្គសិក្ខាសាលានាពេលនេះ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីបានស្នើសុំឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃអាជ្ញាធរមីនទាំងអស់ ត្រូវសាមគ្គីជាធ្លុងមួយ និងបំពេញការងារទៅតាមថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីសម្រេចឲ្យបាននូវបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឲ្យប្រជាពលរដ្ឋទាំងអស់ដែលកំពុងតាំងទីលំនៅ និងប្រកបរបកសិកម្មក្នុងតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម រស់នៅ និងប្រកបមុខរបដោយគ្មានការភ័យខ្លាច និងមានគ្រោះថ្នាក់អ្វីទាំងអស់។
លោកទេសរដ្ឋមន្ត្រីបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំអាជ្ញាធរមីនទាំងអស់ ត្រូវចេះយកអំណាចស្របច្បាប់ដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រគល់ជូនទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ ហើយត្រូវគិតប្រយោជន៍ជាតិ និងអង្គភាពជាធំ ជាពិសេសត្រូវស្មោះត្រង់ និងគាំទ្ររាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕