(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នាល្ងាចថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានយកបដាខ្លឹមសារ «អរគុណដែលផឹកស៊ីកន្លែងណា មិននោមជុះ បោះសំរាមកន្លែងនោះ» ចងនៅតាមសួនច្បារមាត់ទន្លេ ដោយមានការចូលរួមយ៉ាងផុសផុលពីព្រះសង្ឃ សិស្សនិស្សិត ប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម។
ការចុះចងបដានេះ ធ្វើឡើងបន្ទាប់ពីនាពេលកន្លងមកនេះ មានបងប្អូនមួយចំនួនតូច បានផឹកស៊ី នៅសួនសាធារណៈហើយបន្ទោរបង់ និងចោលសំរាមពាសវាលពាសកាល បណ្តាលឲ្យខូចសណ្តាប់ធ្នាប់ និងធំក្លិន ទីសាធារណៈ ដែលប៉ះពាល់ដល់បងប្អូន ប្រជាពលរដ្ឋមកលំហែកាយ និងហាត់ប្រាណនៅទីនោះ។
ដោយមើលឃើញ និងតាមសំណូមពររបស់ប្រជាពលរដ្ឋ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨កន្លងមក លោក គួច ចំរើន បានសរសេរពាក្យស្លោកចំនួន ៣ឃ្លា បង្ហោះក្នុង Facebook page ផ្លូវការរបស់គាត់ ដោយឃ្លាទី១បានសរសេរថា «អរគុណដែលផឹកស៊ីកន្លែងណាមិន នោមជុះ និងចោលសំរាមទីនោះ»។ ឃ្លាទី២ «ស្មោកគ្រោកខ្លាំងណាស់ដែល ផឹកស៊ីកន្លែងណានោមជុះ និងចោលសំរាមទីនោះ» និង ឃ្លាទី៣ «ថោកទាបខ្លាំងណាស់ ដែលផឹកស៊ី កន្លែងណានោមជុះ និងចោលសំរាមទីនោះ»។ ក្រោយពីការស្ទាបស្ទង់មតិ ជាលទ្ធផលបងប្អូនគាំទ្រលើពាក្យស្លោកទី១។
ក្រោយពីបានចងបដារួចមក បងប្អូនប្រជាពលរដ្ឋបាន សាទរចំពោះលោក គួច ចំរើន ដែលបានពញ្ញាក់អារម្មណ៍ដល់ពួកគាត់ ក្នុងនៃចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសួនសាធារណៈរបស់ខេត្តឲ្យមានផាសុកភាព និងសោភ័ណភាពល្អស្រស់ត្រកាល៕