(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានលើកឡើងថា ការបង្កើតអ្វីមួយ​ឲ្យចេញជារូបរាង​ មានគ្រឹះ​រឹងមាំ និងមានគោលដៅច្បាស់លាស់ ច្បាស់ណាសថា នឹងត្រូវមានការចូលរួមចំណែក​រវាងគ្នា និងគ្នា។ ជាក់ស្ដែង​ដូចជា​ការបង្កើត​សាលាបង្រៀន​វិស័យ​ដីធ្លីនៅកម្ពុជាដូចច្នេះដែរ កាលណាមានការគាំទ្រពីសំណាក់​សមាជិកសមាគម វាជាគ្រឹះមួយដ៏រឹងមាំ ក្នុងការធ្វើឲ្យសាលាមួយនេះ ​បន្ដដំណើរ​ទៅ​មុន និងទទួលបានភាពជោគជ័យ។

ការលើកឡើងបែបនេះ របស់ប្រធានសមាគមធ្វើឡើង នាឱកាសដែលលោកអញ្ជើញចូលរួម សន្និតបាតប្រចាំឆ្នាំ២០១៧ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នារសៀលថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមការចូលរួមជាអធិបតីភាពរបស់លោកស្រី អុយ ចាន់និមល ជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ។

លោកបណ្ឌិត គីម ហ៊ាង បានថ្លែងថា «មូលហេតុដែលសមាគមអ្នកវាយតម្លៃអចលនវត្ថុ ព្យាយាមបើកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈវិស័យដីធ្លី​អស់​រយៈពេល​១០ឆ្នាំកន្លងទៅ តែនៅតែបើកមិនចេញបណ្ដាលមកពី ពេលដែលប្រធានសមាគមបើកជាលក្ខណៈសមាគម មិនអាចដំណើរការបាន​តែ​បើបើក ជាលក្ខណៈឯកជនវិញ​បែរជាមិនមានក្រុមហ៊ុនផ្សេងៗបញ្ជូនបុគ្គលិកមករៀន...អ្នកណាក៏ដោយដែលបើកសាលាបង្រៀនវិស័យដីធ្លីជាឯកជន ច្បាស់ណាស់​ថាមិនមានសិស្សទៅរៀននោះឡើយ។ វិធីសាស្រ្ដតែមួយប៉ុណ្ណោះ ដែលធ្វើឲ្យការបើកសាលាបង្រៀនវិស័យដីធ្លីនេះ ដំណើរការបាន គឺត្រូវ​បើក​សាលា​នេះ ជាកម្មសិទ្ធិរបស់សមាគម»

លោកបន្ដទៀតថា បច្ចុប្បន្ននេះក្រុមហ៊ុនដីធ្លីមានចំនួន១៥០ក្រុមហ៊ុន ហើយអ្នកដែលធ្វើការក្នុងវិស័យនេះ មានរាប់ពាន់រាប់ម៉ឺននាក់ តែមិនមាន​សាលា​សម្រាប់បង្រៀននោះឡើយ ប៉ុន្ដែបើបង្កើតសាលាដីធ្លីជារបស់សមាគម លុយដែលបានមកសមាគមយក លុយដែលចំណេញ សមាគមទុកនោះ ក្រុមហ៊ុន​ទាំងអស់នឹងបញ្ជូនបុគ្គលិកឲ្យទៅសិក្សាជាក់ជាពុំខាន។ ផ្ទុយទៅវិញប្រសិនបើមានបុគ្គលណា បើកសាលាដីធ្លី ជាលក្ខណៈផ្ទាល់ខ្លួន គាត់​ច្បាស់​ជាមើលឃើញថា មានតម្រូវ​ការច្រើន មានអ្នកចង់រៀនច្រើនចេះច្រើន តែបើកជាលក្ខណៈផ្ទាល់ខ្លួននេះ គឺក្រុមហ៊ុនផ្សេងៗពិបាកនឹង​បញ្ជូនបុគ្គលិក​គេទៅ​រៀនណាស់ ព្រោះនេះជាកត្តាចិត្តសាស្រ្ដមួយ ដែលមានភាពវិជ្ជមាន ទៅលើសមាគមច្រើនជាងឯកជន មានន័យថាបើសមាគមបើ​នឹងដើរ។

លោកបានបញ្ជាក់ទៀតថា «បច្ចុប្បន្ននេះក្នុងចំណោមសមាជិកចំនួន១០០ក្រុមហ៊ុន មានត្រឹមតែ១៧ក្រុមហ៊ុនប៉ុណ្ណោះដែលបានឯកភាព ស្ម័គ្រចិត្តចូលរួម ដូច្នេះខ្ញុំគិតថា នេះជាចំនួនមួយដែលមិនទាន់គ្រប់គ្រាន់នៅឡើយ កាលណាមានសមាជិកគាំទ្រចាប់ពី៤០ក្រុមហ៊ុនឡើងទៅ នោះ​ការបើកសាលាបណ្ដុះបណ្ដាលមួយនេះនឹងដើរ ដូចយើងគិតមើលចុះថា១០០ក្រុមហ៊ុនមានតែ១៧ដែលចូលរួម ឃើញថាសំឡេងនេះពិត
ជាតិចតួច​ខ្លាំងមែនទែន»

លោកបញ្ជាក់បន្ថែមថា ការបើកសាលាបង្រៀនវិស័យដីធ្លី មិនមានមែនត្រូវការលុយច្រើន ហើយក៏មិនមានតម្រូវការធ្ងន់ធ្ងរនោះឡើយ អ្វីដែលត្រូវ​ការ​គឺការគាំទ្រ បើមាន៤០ក្រុមហ៊ុនគាំទ្រ មានន័យថាក្រុមហ៊ុនទាំងឡាយនឹងបញ្ជូនបុគ្គលិកពួកគាត់ឲ្យមករៀនជាពុំខាន ដូច្នេះសាលានឹងដើរដោយ​ខ្លួន​ឯង។

លោកស្រី អុយ ចាន់និមល បានឲ្យដឹងទាក់ទងនឹងការចង់បង្កើត សាលារបស់សមាគមអ្នកវាយតម្លៃអចលនវត្ថុថ្ងៃនេះ ក្រសួងក៏បានកំពុងរៀបចំ​សេចក្ដី​ព្រាងច្បាប់មួយ ឈ្មោះថាសេចក្ដីព្រាងច្បាប់ស្ដីពីការ គ្រប់គ្រងអាជីវកម្មផ្ដល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ក្នុងនោះក៏មានបទបញ្ញាតិមួយ ​ចែងពីការគ្រប់គ្រងគ្រឹះស្ថានបណ្ដុបណ្ដាលនានា ក្នុងវិស័យអចលនវត្ថុ៕