(កំពង់ស្ពឺ)៖ នៅថ្ងៃសៅរ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក William A. Heidt អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា បាននាំក្រុមគ្រូបរទេសប្រមាណ២០នាក់ សម្រាកកម្សាន្តនៅតំបន់អេកូទេសចរណ៍ចំបក់ ស្ថិតក្នុងឧទ្យាជាតិគិរីរម្យ នៅខេត្តកំពង់ស្ពឺ រយៈពេល១យប់ នាចុងសប្តាហ៍នេះ ដោយមិនត្រូវការសមត្ថកិច្ចការពារសុវត្ថិភាព។
សមត្ថកិច្ចប្រចាំនៅតំបន់នោះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោក William A. Heidt និង ក្រុមគ្រូបង្រៀនអូស្រ្តាលី អង់គ្លេស និងកូរ៉េប្រមាណ ២០នាក់ បានស្នាក់នៅតំបន់អេកូទេសចរណ៍ចំបក់រយៈពេល១យប់ ដើម្បីស្រូបយកខ្យល់អាកាសធម្មជាតិនៅលើភ្នំ។
សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា នៅពេលដែលសួរថា តើលោកត្រូវការ សមត្ថកិច្ចដើម្បីការពារសុវត្ថិភាពដែរទេ លោក William A. Heidt បានប្រាប់ទៅក្រុមសមត្ថកិច្ចវិញថា មិនចាំបាច់នោះទេ ដោយសារនៅទីនោះមានសុវត្ថិភាពហើយ។
មជ្ឈដ្ឋានជាច្រើន បានលើកឡើងថា ការដើរកម្សាន្ត និងដេកនៅតំបន់ព្រៃភ្នំរបស់ អគ្គរដ្ឋទូតអាមេរិក និងភ្ញៀវទេសចរបរទេស ក្នុងទឹកដីប្រទេសកម្ពុជានេះ បង្ហាញឱ្យឃើញថា កម្ពុជាជាប្រទេសដែលពោរពេញទៅដោយសុខសន្តិភាព សុវត្ថិភាព ដែលមិនមែនជាប្រទេសដែលអសន្តិសុខ រងនៅអំពើភេរវកម្មញឹកញាប់ ដូចសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទេ៕