(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៣៦៣គ្រឿង រកឃើញល្មើសច្បាប់៤៧៨គ្រឿង (ម៉ូតូ៨០ភាគរយ) អប់រំ២៧២គ្រឿង និងផាកពិន័យ២០៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែកុម្ភៈនេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៣ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,២៩៤គ្រឿង អប់រំ៣៧៧គ្រឿង និងផាកពិន័យចំនួន៣៦០គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧៥០គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣,៤៩០គ្រឿង រកឃើញយានយន្តល្មើស ១,៥៤៨គ្រឿង (ម៉ូតូ៦៩ភាគរយ) ក្នុងនោះអប់រំ ៨០៨គ្រឿង និងផាកពិន័យ៧៤០គ្រឿង (ម៉ូតូ៧១ភាគរយ)៕