(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសមរបស់លោកស្រី Naoko Yamamato (ណាវ កូយ៉ាម៉ាម៉ូតូ) ជំនួយការអគ្គនាយក អង្គការសុខភាពពិភពលោក(WHO)និងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង លោកស្រី Naoko Yamamato បានថ្លែងថា នឹងបន្តជួយលើផ្នែកបច្ចេកទេសដល់វិស័យសុខាភិបាលកម្ពុជា ក្នុងកិច្ចសហប្រតិបត្ដិការរយៈពេល៥ឆ្នាំខាងមុខទៀត។

លោកស្រី Naoko Yamamato ថ្លែងក្នុងដំណើរទស្សនកិច្ច​ និងសម្ដែងការគួរសមជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នាទីស្ដីការក្រសួងថា WHO នឹងស្វែងយល់បន្ថែមពីប្រព័ន្ធសុខាភិបាលកម្ពុជា​ ជាមួយនឹងការរីកចម្រើន និងតម្រូវការខ្វះខាតអ្វីខ្លះ ដែលអាចជួយបាន សម្រាប់បន្ដកិច្ចសហប្រតិបត្ដិការ៥ឆ្នាំខាងមុខដូច្នេះត្រូវរកចំណុចសំខាន់ៗរួមគ្នាមួយ ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលជាគោលនយោបាយយុទ្ធសាស្ត្រថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ពិសេសទាក់ទងទៅនិងផ្នែកបច្ចេកទេសក្នុងវិស័យសុខាភិបាលនេះតែម្ដង ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអរគុណដល់ អង្គការសុខភាពពិភពលោក ដែលកន្លងមក បានជួយផ្នែកបច្ចេកទេសជាច្រើន ក្នុងវិស័យសុខាភិបាលនៅកម្ពុជា រួមមានបណ្ដុះបណ្ដាលធនធានមនុស្ស ការអភិវឌ្ឍន៍គោលការណ៍ណែនាំ និងផែនការនានាទៅការព្យាបាលជំងឺផ្សេងជាច្រើន ទាំងជំងឺឆ្លង និងជំងឺមិនឆ្លង ។

ព្រមជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ក៏បានស្នើដល់អង្គការសុខភាពពិភពលោក ឲ្យបន្តជួយផ្នែកបច្ចេកទេសទៅលើការកោសល្យវិច្ឆ័យដែលនេះជាតម្រូវ សម្រាប់ប្រទេសកម្ពុជា លើសពីនោះគឺស្នើឲ្យ WHO យកចិត្ដទុកដាក់ ក្នុងការផ្ដល់សេវាសុខាភាពផ្លូវចិត្ដ និងអ្នកបំពានគ្រឿងញៀនផងដែរ។

រដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ក្នុងវិស័យសុខាភិបាលកម្ពុជាកន្លងមក គឺមានការរីកចម្រើនយ៉ាងច្រើន ក្នុងការលើកកម្ពស់សុខភាពស្ត្រីជាកម្មការីនីរោងចក្រ នៅពេលឆ្លងទន្លេគឺទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីរាជរដ្ឋាភិបាល ដោយក្នុងនោះមានដូចជា បា្រក់ឧបត្ថម្ភនៅពេលឆ្លងទន្លេ តាមរយៈប.ស.ស ក៏ដូចជាគោលនយោបាយមូលនិធិសមធម៌ ចំពោះពលរដ្ឋក្រីក្រផងដែរ ។ក្រៅពីនេះ ចំពោះការរៀបចំច្បាប់ទាក់ទងទៅនឹងជំងឺមិនឆ្លង ក៏ត្រូវបានបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី រួចហើយដែរដោយជំងឺមិនឆ្លងនៅកម្ពុជា មានដូចជា ជំងឺមហារីកស្បូន, មហារីកដោះ, មហារីកពងស្វាសបុរស,ទឹកនោមផ្អែម, ជំងឺដាច់សរសៃឈាមខួរក្បាល និងជម្ងឺបេះដូងជាដើម៕