(សៀមរាប) ស៊ីម៉ង់ត៍១០តោន ត្រូវបានប្រគល់ជូនសាលាពលទាហានទី៤ ចំណុះយោធភូមិភាគទី៤ និងនិងម៉ូទ័រមួយគ្រឿង ត្រូវបានប្រគល់ជូនសាលាពលទាហានទី១ ចំណុះយោធភូមិភាគទី១ ដែលទាំងនេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក។

លោកឧត្តមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ បានថ្លែងថា ជំនួសមុខឲ្យនាយទាហាន នាយទានហានរង និងពលទាហាន ក្នុងសាលាទាំងអស់ លោកពិតជាសប្បាយរីករាយណាស់ ដែលបានទទួលបានអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាសម្ភារសំណង់ ស្របពេលដែល សាលាកំពុងត្រូវការជាចាំបាច់ ក្នុងរៀបចំសាងសង់អគារស្នាក់នៅ របស់ទ័ពក្នុងសាលា។

លោកឧត្តមសេនីយ៍ត្រី ពៅ សំអាត នាយកសាលាពលទាហានទី១ ក៏បានឲ្យដឹងថា ការផ្តល់រថយន្តមួយគ្រឿងនេះ គឺការឆ្លើយតបនឹងការស្នើសុំដើម្បីបំពេញតម្រូវការ ចំពោះមុខក្នុងការដឹកជញ្ជូនទ័ព និងប្រើប្រាស់នៅក្នុងការហ្វឹកហ្វឺនក្នុងអង្គភាព។

លោកឧត្តមសេនីយ៍ត្រី នាយកសាលាពលទាហានទាំង០២ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលតែងតែយកចិត្តទុក ដាក់លើវិស័យ ការពារជាតិ តាមរយៈការគិតគូយកចិត្តទុកដាក់ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ព និងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ព។

គួររំលឹកផងដែរថា ការប្រគល់អំណោយខាងលើ បានធ្វើឡើងបន្ទាប់ពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាប្រធាន គណៈកម្មការជ្រើសរើសពលទាហាន បំពេញក្របខណ្ឌយោធភូមិភាគទី១ ចុះពិនិត្យការងារហ្វឹកហ្វឹន និងជីវភាពជាក់ស្តែងរបស់សិក្ខាកាមជាពលទាហាន ព្រមទាំងបានផ្តល់ថវិកាដែលជាអំណោយ សម្តេចតេជោចំនួន៥លានរៀល សម្រាប់សាលាចាត់ចែងប្រើប្រាស់ តាមតម្រូវការចាំបាច់ផងដែរ។

សូមបញ្ជាក់ថា ការផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ មធ្យោបាយដឹកជញ្ជូន និងសម្ភារបរិក្ខាផ្សេងជាច្រើនទៀត ជូនចំពោះសាលានាយទាហានខាងលើ គឺជាការគិតគូយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ព និងការស្នាក់នៅហូបចុករបស់កងទ័ពគ្រួសារកងទ័ព។ ដោយឡែក ការផ្តល់អំណោយទាំងនេះ ក៏ជាការយកចិត្តទុកចំពោះការហ្វឹកហ្វឺន របស់ពលទាហានដែលទើបជ្រើសរើសថ្មី បំពេញក្របខណ្ឌភូមិភាគ១ផងដែរ៕