Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ត្រូវបានប្រកាសតែងតាំងជាព្រះរាជាគណៈថ្នាក់ទោ នៃកម្ពុជាជាផ្លូវការ នៅរសៀលនេះ

03-02-2018 18:00

(ភ្នំពេញ)៖ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំ គ្រប់គ្រងពុទ្ឋិកសាកលវិទ្យាល័យ ព្រះសីហនុរាជ អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិនារវត្តមង្គលវ័ន ត្រូវបានប្រកាសតែងតាំង ជាព្រះរាជាគណៈថ្នាក់ទោ ព្រះឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជនៃកម្ពុជាជាផ្លូវការ នារសៀលថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ពិធីប្រកាសតែងតាំង ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ជាព្រះរាជាគណៈថ្នាក់ទោនៃកម្ពុជាជាផ្លូវការនាពេលនេះ គឺស្របនឹងថ្ងៃចម្រើនព្រះជន្មាយុគម្រប់៤៤ព្រះវស្សា ឈានចូល៤៥ព្រះវស្សា។ នៅក្នុងពិធីនេះ ក៏មានការស្រោចស្រពព្រះគន្ធវារី ចម្រើនព្រះជន្មព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ផងដែរ។

ពិធីចម្រើនសួស្តីដែលរៀបចំឡើងយ៉ាងអធិកអធមនេះ បានធ្វើឡើងក្រោមព្រះអធិបតីភាព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និងសម្តេចសង្ឃនាយក នន្ទ ង៉ែត រួមនឹងព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនអង្គ និងនាក់ បានចូលរួមយ៉ាងច្រើនកុះករ។

លោក ប្រាក់ សម្ផស្ស សាស្រ្តចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានបញ្ជាក់ប្រាប់ថា ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ជាបញ្ញាវ័នសង្ឃជាន់ខ្ពស់១ព្រះអង្គ ក្នុងការចូលរួមចំណែក ជួយលើកតម្កើងព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា ហើយក៏ជាសមាជិក នៃបញ្ញាវ័នសង្ឃជាន់ខ្ពស់នៅក្រៅប្រទេសផងដែរ។ តាមការសង្កេតមើលជាក់ស្តែង កម្មវិធីថ្ងៃនេះ ក៏មានការនិមន្តចូលរួមពីព្រះសង្ឃបរទេស រួមមាន ព្រះសង្ឃថៃ ស្រីលង្កា មីយ៉ាន់ម៉ា និងវៀតណាមជាដើម។ ការនិមន្តចូលរួមពីបណ្តាព្រះសង្ឃនៅក្រៅប្រទេស ដោយសារតែ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ជានិច្ចកាល មានទំនាក់ទំនងល្អ និងប្រាស្រ័យទាក់ទងជាមួយព្រះសង្ឃបរទេស នៅអំឡុងព្រះអង្គនិមន្ត ចូលរួមកម្មវិធី និងធ្វើជាវាគ្មិននៅតាមបណ្តាប្រទេសទាំងអស់នោះជាញឹកញាប់។

លោក ប្រាក់ សម្ផស្ស បានបន្ថែមឲ្យដឹងថា ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះអង្គបានលះបង់ស្ទើរតែ១ព្រះជន្ម ព្រះអង្គទៅហើយ ប្រឹងប្រែងក្នុងការផ្សព្វផ្សាយ និងចូលរួមលើកតម្កើងព្រះពុទ្ធសាសនា ដូចនេះហើយ បានជារាជរដ្ឋាភិបាល បានមើលឃើញពីគុណតម្លៃព្រះអង្គ ដែលបានចូលរួមចំណែកលើកកម្ពស់ ដ៏ព្រះពុទ្ធសាសនា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាមួយគ្នានោះ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និងសម្តេចសង្ឃនាយក នន្ទ ង៉ែត រួមនឹងព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនអង្គ និងនាក់ដែលបានចូលរួមក្នុងពិធីថ្ងៃនេះ ក៏បានសាទរ និងថ្វាយនូវព្រះសព្វសាធុការពរ សូមឲ្យព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំ គ្រប់គ្រងពុទ្ឋិកសាកលវិទ្យាល័យ ព្រះសីហនុរាជ អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិនារវត្តមង្គលវ័ន និងជាព្រះរាជាគណៈថ្នាក់ទោ ព្រះឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជនៃកម្ពុជា សូមឲ្យព្រះអង្គមានព្រះជន្មាយុយឺនយូរ និងព្រះសុខភាពល្អបរិបូរណ៍ ដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងសង្គមជាតិកម្ពុជាទាំងមូលពេញបរិបូរណ៍៕