(កណ្តាល)៖ សម្រាប់ឆ្នាំ២០១៧កន្លងទៅ នៅទូទាំងខេត្តកណ្តាល មានម៉ូតូ និងរថយន្តជាង១,៥ម៉ឺនគ្រឿង ត្រូវបានចុះបញ្ជីត្រឹមត្រូវ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងបានផ្តល់ប័ណ្ណ បើកបរយានយន្តជិត១ម៉ឺនគ្រឿងជូនពលរដ្ឋផងដែរ។ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរសាធារណការខេត្តកណ្តាល ដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់អនុវត្តន៍ទៅឆ្នាំ២០១៨។

កិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល និងដោយមានការចូលរួមពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត។

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោក គង់ សោភ័ណ្ឌ បានថ្លែងថា ២០១៧ជាឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា ដែលក្នុងនោះវិស័យសាធារណការ និងដឹកជញ្ជូន បានចូលរួមក្នុងការរក្សានិរន្តភាព និងកំណើនសេដ្ឋកិច្ចជាតិ ដោយបានធ្វើឱ្យសម្រេចនូវ សមិទ្ធផលជាច្រើន សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងឈានទៅកាត់បន្ថយភាពក្រីក្រ។

លោកបានបន្តទៀតថា «ដើម្បីពង្រឹងប្រសិទ្ធភាពការងារ សំដៅអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវកម្មវិធី កំណែទម្រង់ ការងារការផ្តល់សេវាសាធារណៈ ឱ្យកាន់តែងាយស្រួល និងខិតជិតដល់ប្រជាពលរដ្ឋបន្តស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ឱ្យបានយ៉ាងហោចណាស់ប្រវែង ៥០០ទៅ៦០០ គ.ម ក្នុងមួយឆ្នាំ, បន្តពង្រីកផ្លូវជាតិកម្រិត១ ភ្ជាប់ទៅតំបន់អភិវឌ្ឍន៍សំខាន់ៗ និងជុំវិញទីក្រុងសំខាន់ៗ ពី២គន្លងទៅ៤គន្លង ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ , បន្តបង្កើនអត្រាក្រាលកៅស៊ូសម្រាប់ផ្លូវជាតិកម្រិត២ បាន១០០% និងផ្លូវខេត្តឱ្យបានយ៉ាងតិច៤០% សម្តៅរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងបង្កើនចំណូលប្រជាពលរដ្ឋ»

លោកបន្តថា ផ្តើមចេញពីនេះ កម្មវិធីផែនការសកម្មភាព ជាយុទ្ធសាស្ត្រមួយចំនួន ត្រូវបានដាក់ចេញសម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត អនុវត្ត ហើយដែលខេត្តកណ្តាលរបស់យើង ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញនូវគ្រប់កិច្ចការទាំងនោះ។

លោកអភិបាលរងខេត្ត បានកោតសសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពរបស់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ទទួលបានលទ្ធផលគួរជាទីមោទនៈជូនខេត្ត និងប្រជាពលរដ្ឋយើង។

ជាមួយគ្នានេះលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ក៏បានលើកឡើងដែរថា មន្ទីរ ជាសេនាធិការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកណ្តាល បានអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសលើការផ្តល់សេវាសាធារណៈ លើវិស័យសាធារណការ និងដឹកជញ្ជូន រួមទាំងការចូលរួមទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍។ ល ។

លោកថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងមានការណែនាំចង្អុលបង្ហាញពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងការគាំទ្រដ៏កក់ក្តៅពីសំណាក់លោកបណ្ឌិត ម៉ៅភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងថ្នាក់ដឹកនាំខេត្ត ការសហការពីសំណាក់មន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានសម្រេចនូវស្នាដៃធំៗថ្មីៗជាច្រើន។

ទន្ទឹមនេះ មន្ទីរក៏មានការងារពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមខ្លះៗ ដែលបានឆ្លងកាត់ និងបានជំនះពុះពារក្នុងរយៈពេលអនុវត្តមួយឆ្នាំកន្លងទៅនេះ។ លោកបន្តថា ការអនុវត្តនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់សេវាសាធារណៈលើវិស័យដូចជា៖
*ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានជំរុញការផ្តល់បណ្ណបើកបរយានយន្ត ជលយានយន្ត ប័ណ្ណ សម្គាល់យានយន្តគ្រប់ប្រភេទ ទាន់ពេលវេលាដែលក្រសួងបានកំណត់។
*បានចុះត្រួតពិនិត្យ និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីចំណីផ្លូវ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវរថភ្លើង និងការសាងសង់សំណង់ខុសច្បាប់លើដីចំណីផ្លូវ។
*បានជំរុញការទប់ស្កាត់រថយន្តដឹកជញ្ជូនធុនធ្ងន់ ឱ្យគោរពតាមបទដ្ឋាន នៃច្បាប់ដែលមានជាធរមាន។
*ជំរុញការចុះបញ្ជីយានដ្ឋានជួសជុលកែច្នៃ យានដ្ឋានជួសជុលកែច្នៃ តម្លើងយានយន្តឱ្យអនុវត្តបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស។
*បានចុះសិក្សារៀបចំអាងចម្រោះទឹកកខ្វក់ ប្រព័ន្ធបង្ហូរទឹកកាកសំណល់ ស្តារប្រឡាយ និងលូឱ្យបានល្អដើម្បីបញ្ជៀសកុំឱ្យមានទឹកជំនន់ក្នុងទីក្រុង និងទីប្រជុំជន។
*បានជម្រុញការងារជួសជុល ថែទាំ និងគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន កំពង់ផែ និងផ្លូវទឹកឱ្យបានល្អប្រសើរ។
*ការជួសជុលស្ថាបនាផ្លូវក្រាលកៅស៊ូបានប្រវែង១៩គីឡូម៉ែត្រ។
*សាងសង់ស្ពានបេតុង២កន្លែងប្រវែង៣០ម៉ែត្រ (ស្ពានព្រែកស្បូវ និងស្ពានដើមលាភ)។
*សាងសង់ដាក់លូបានប្រវែង២,២៦១ម៉ែត្រ។
*ជួសជុលថែទាំជាប្រចាំផ្លូវជាតិ និងផ្លូវខេត្តក្រាលកៅស៊ូចំនួន២៦ខ្សែប្រវែង៤០០គីឡូម៉ែត្រ។
*ជួសជុលថែទាំជាប្រចាំផ្លូវជាតិ និងផ្លូវខេត្ត ក្រាលគ្រួសក្រហមចំនួន០៥ខ្សែប្រវែង៤៦គីឡូម៉ែត្រ។
*ជួសជុលថែទាំជាប្រចាំផ្លូវក្រុងតាខ្មៅ ក្រាលកៅស៊ូ១០ខ្សែ ប្រវែង៧គីឡូម៉ែត្រ។
*រីឯការងារគូសគំនូស និងដាក់ភ្លើងសញ្ញាចរាចរណ៍ សម្រេចដាក់ភ្លើងស្តុប បានចំនួន០៨កន្លែង ស្ថិតក្នុងក្រុងតាខ្មៅ, គូសគំនូសសញ្ញាចរាចរណ៍ផ្លូវលេខ១១០, ២០០, ១០៨ ប្រវ៉ែង ១,៩៩៤ម, គូសគំនូសសញ្ញាចរាចរណ៍ផ្លូវកំពង់សំណាញ់ទី១, ទី២, ទី២អា និងទី៣ ប្រវ៉ែងសរុប ២,៧៥៩ម៉ែត្រ។
*ចុះបញ្ជីទោចក្រយានយន្ត បានចំនួន១៤,៧៤១គ្រឿង, ចុះបញ្ជីត្រីចក្រយានយន្តបានចំនួន២០គ្រឿង, ចុះបញ្ជីរថយន្ត បានចំនួន១,១៤៨គ្រឿង និងបានផ្តល់ប័ណ្ណបើកបរយានយន្តចំនួន៩,១៣២ប័ណ្ណ៕