(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមគ្រូពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ដែលមានលោកសាស្ដ្រចារ្យ សាផុន វឌ្ឍនៈ ជាសាកលវិទ្យាធិការ បានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជិត៣០០នាក់ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ។
លោកសាស្ដ្រាចារ្យ បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវចូលរួមចំណែក អនុវត្ដវិធានការ ដើម្បីការពារពីជំងឺគ្រុនឈាម ដែលនឹងមានការផ្ទុះឡើងនឹងរាតត្បាតនៅឆ្នាំ២០១៨នេះ ដែលកើតមាននៅលើមនុស្សគ្រប់វ័យ តាមរយៈចម្លងដោយមូសខ្លា ត្រូវអនុវត្ដន៍ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានចុះទៅអប់រំ ដល់គេហដ្ឋាន សាលារៀន ទីប្រជុំផ្សេងផ្សេង ពិសេសសារអប់រំសុខភាព ដែលមានបិទបង្ហាញតាមគ្រឹះស្ថានសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយផ្សេង ដូចជាវេបសាយ វិទ្យុ ទូរទស្សន៍ កាសែតជាដើម។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងទៀតថា «ប្រជាពលរដ្ឋយើង ត្រូវលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូសំបកកំប៉ុង ធុង ក្រឡ ពាង អាង សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នកត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវនូវ ពាង អាងទឹកជាដើម។
ដើម្បីកំចាត់មូសខ្លា ត្រូវឲ្យមានពន្លឺថ្ងៃ ចូលក្នុងផ្ទះបានល្អ លុបបំបាត់ កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ ត្រូវការពារខ្លួន ក្នុងការខំាចម្លងរបស់មូសខ្លាញីតាមរយៈដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែង ដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ»។
លើសពីនោះ រដ្ឋមន្ដ្រី ក៏ក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការរិភោគសាច់ បក្សី គឺហាមដាក់ខាតមិនត្រូវពិសា ឬលក់ សត្វជ្រូក មាន់ ទា ណា ដែលឈឺ ឬងាប់ ដើម្បីជៀសវាងឆ្លងនូវជំងឺផ្ដាសាយបក្សី H5N1, សូមកុំបើកបរពេលស្រវឹង, ពិសេស ការពារអគ្គិភ័យកុំឲ្យកើតមានឡើង ត្រូវប្រយ័ត្នការអុជធូប ទាន ចង្គ្រានបាយ កុំដើរចោល ហើយមុនចេញទៅណាមកណា ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាបានថាងមានសុវត្ថិភាព ។
ព្រមជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ស្នើឲ្យប្រជាពលរដ្ឋរក្សាអនាម័យបានល្អ គេងស្អាត ហូបស្អាត ហើយបើមានអាការៈមិនស្រួល សូមអញ្ជើញមកកាន់មន្ទីរពេទ្យរដ្ឋ មណ្ឌលសុខាភាពដែលនៅជិត ដើម្បីព្យាបាលទាន់ពេលវេលា ដូចថ្ងៃនេះដែរ ក្រុមគ្រូពេទ្យ ក៏បានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ពិសេសគឺយកវិស័យ សុខាភិបាលមួយនេះ ឲ្យនៅក្បែរផ្ទះរបស់ប្រជាពលរដ្ឋ ហើយក្រុមការងារនឹងបន្ដចុះព្យាបាលជូនឲ្យកាន់តែញឹកញាប់ ទៅតាមតម្រូវការរបស់ពលរដ្ឋយើង។
គួរបញ្ជាក់ផងដែរថា កម្មវិធីលើកកម្ពស់ និងផ្ដល់សេវាសុខភាពទូទៅ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃនេះមានការព្យាបាលនូវជំងឺទូទៅ ព្យាបាលធ្មេញ ជំងឺភ្នែក ប្រចៀក រោគស្ដ្រី អេកូ ជំងឺបេះដូង និងជំងឺផ្សេងទៀត។
ទន្ទឹមនឹងពេលនោះ ប្រជាពលរដ្ឋ បានសម្ដែងការសប្បាយចិត្ដ និងកក់ក្ដៅជាទីបំផុត ដែលរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង តែងតែដឹកនាំក្រុមគ្រូពេទ្យ មកចុះពិនិត្យព្យាបាលជូនពួកគាត់ ស្ទើរជារៀងរាល់ខែដែលជួយសម្រាលការលំបាក របស់ប្រជាជនមួយចំណែកធំ ទាំងថវិកា ពេលវេលា ពិសេសសុខភាពតែម្ដង៕