(បាត់ដំបង)៖ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកថ្មគោល ដឹកនាំដោយលោក លី ឌីនូរី អភិបាលរងស្រុកប្រធាន ស.ស.យ.ក ស្រុក បានស្រុកនាំបច្ច័យលោក នឹម ថូត សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកថ្មគោល បានចូលរួមបុណ្យសព ព្រមទាំងអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក កឿ សាលឿន មេឃុំជ្រោយស្តៅ នៅគេហដ្ឋានសព ស្ថិតក្នុងភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

នាឱកាសនោះដែរ លោក លី ឌីនូរី និងសហការីបានសម្តែងការចូលរួមសោកស្តាយ ដល់ក្រុមគ្រួសារសព ដែលបានបាត់បង់ ប្តី ឪពុក ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១៖០៦នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅគេហដ្ឋាននៃសព ដោយរោគាពាធក្នុងជន្មាយុ៦២ឆ្នាំ។

នៅក្នុងពិធីបុណ្យសពនេះដែរ លោក លី ឌីនូរី បាននាំការចូលរួមរំលែកទុក្ខពីលោក នឹម ថូត ចំពោះក្រុមគ្រួសារសព និងសោកស្តាយបំផុតចំពោះលោក កឿ សា មានមុខជាមេឃុំជ្រោយស្តៅ ស្រុកថ្មគោល ដែលមានការស្រឡាញ់រាប់អានពីប្រជាពលរដ្ឋ ក្នុងឃុំជ្រោយស្តៅទាំងមូល បានគាំទ្រ និងបោះឆ្នោតជូនបក្ស CPP ហើយត្រូវបានជាប់ជាមេឃុំជ្រោយស្តៅ ស្រុកថ្មគោល នាឆ្នាំកន្លងថ្មីៗនេះ។

នៅក្នុងការចូលរួមរំលែកទុក្ខនេះដែរ លោក លី ឌីនូរី បាននាំថវិការបស់លោកប្រធានចំនួន១លានរៀល និងក្រុមការងារ ស.ស.យ.ក ស្រុកថ្មគោលចំនួន១៨ម៉ឺនរៀល សម្រាប់យកទៅប្រើប្រាស់ ក្នុងពិធីបុណ្យសពនេះតាមការគួរ។

ក្រុមគ្រួសារសពបានថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន និងក្រុមយុវជន ស.ស.យ.ក ស្រុកទាំងអស់ ដែលបានអញ្ជើញចូលរួមបុណ្យសពព្រមទាំងនាំថវិកា មានចំនួនច្រើនចូលបុណ្យ គ្រាដែលក្រុមគ្រួសារសព កំពុងជួបការលំបាកក្នុងជីវភាពផង៕