(ស្ទឹងត្រែង)៖ អ្នកទោសជនជាតិឡាវចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងកំពុងជាប់ឃុំឃាំងនៅពន្ធនាគារ ខេត្តស្ទឹងត្រែង បានឆ្លៀតឱកាសរត់គេចខ្លួន នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចបង្ខំចិត្ត ផ្ទុះអាវុធប្រមាណ៤-៥គ្រាប់ រហូតតាមចាប់បានវិញ។
លោក ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ពិតជាមានករណីអ្នកទោសបានរត់គេចខ្លួនចេញពីពន្ធនាគារពិតមែន នៅពេលដែលអ្នកទោសទាំងនោះ ត្រូវបានអនុញ្ញាតឲ្យងូតទឹក រួចក៏ឆ្លៀតហែកទ្វាររត់គេចខ្លួន ប៉ុន្តែភ្លាមៗនោះត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់បានទាំងអស់វិញ។
បើតាមលោក ចាន់ គឹមសេង សម្រាប់អ្នកទោសទាំង៥នាក់ គឺ៣នាក់ ត្រូវបានតុលាការកាត់ទោសរួចហើយ ដោយឡែក២នាក់ មិនទាន់កាត់ទោសនៅឡើយ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅពេលរត់គេចខ្លួននោះ ក្រុមមន្រ្តីអនុរក្សពន្ធនាគារ បានសហការជាមួយកម្លាំងនគរបាល និងកម្លាំងយោធានៅទីនោះ តាមចាប់រហូតបាញ់កម្លាចពី៤ទៅ៥គ្រាប់ ទើបចាប់បានមកវិញ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ សម្រាប់ពន្ធនាគារខេត្តស្ទឹងត្រែង ក៏ធ្លាប់កើតមានអ្នកទោករត់គេចខ្លួនផងដែរ ដែលបញ្ហាទាំងនេះ ត្រូវបានគេបន្ទោសលើការធ្វេសប្រហែសទៅលើ ប្រធានពន្ធនាគារ និងក្រុមមន្រ្តីអនុរក្សពន្ធនាគារតែម្តង៕