(រតនគិរី) ៖ មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត និងអាវុធហត្ថហមូលដ្ឋានស្រុកលំផាត់, កម្លាំងបរិស្ថានដែនជម្រកលំផាត់ចុះរឹបអូសឈើសុក្រំ, ឈើឈ្លីកជាច្រើនដុំដែលឈ្មួញគរលាក់ទុកក្នុងឃ្លាំង១កន្លែង ស្ថិតក្នុងភូមិសមុទ្រក្រោមឃុំសេដាស្រុកលំផាត់ខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ត្រីគឹម រស្មីបានប្រាប់ភ្នាក់ងារ Fresh News ថា បន្ទាប់ពីទទួលព័ត៌មានពីបណ្តាញសំងាត់ថា មានគំនរឈើលាក់នៅទីតាំងខាងលើនោះរូបលោក សុំយោបល់ថ្នាក់លើចុះរឹបអូសជាក់ស្តែងតែម្តង។
មេបញ្ជាការ អ.ហ ខេត្តរតនគិរីរូបនោះបន្ថែមឲ្យដឹងថា បន្ទាប់ពីរកឃើញកន្លែងលាក់ឈើនេះរូបលោក នឹងដឹកនាំរុកកន្លែងផ្សេងទៀត ធ្វើការបង្ក្រាបតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអ-ហលើផ្ទៃប្រទេសនិងជាប្រធាន គណ:កម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ។
បច្ចុប្បន្នវត្ថុតាងឈើសុក្រំ,ឈើឈ្លីកជាច្រើនដុំត្រូវបានកម្លាំង អ.ហ ប្រមូលទុកក្នុងទីតាំងនេះដដែល ហើយបានប្រគល់ឲ្យកម្លាំង បរិស្ថានដែនជម្រកបរិស្ថានលំផាត់គ្រប់គ្រង បន្តដោយមានដាក់កម្លាំងយាមផងដែរ។
លុះព្រឹកឡើងថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៨ នឹងដឹកយកទៅរក្សាទុកនៅទីស្នាក់ការបរិស្ថាននៅភូមិសាយោះ ឃុំកាលែងស្រុកលំផាត់។
យ៉ាងណាក៏ដោយចំនួនឈើពិតប្រាកដមិនទាន់ដឹងនៅឡើយទេព្រោះមិនទាន់ធ្វើការវាស់វែង៕