(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ថានីយ៍រថភ្លើងប៉ោយប៉ែត (កម្ពុជា-ថៃ) នឹងបញ្ចប់ការជួសជុលទាំងស្រុង មុនពេលបុណ្យចូលឆ្នាំខ្មែរ ឈានមកដល់។

ជាមួយនឹងការបង្ហាញសោភណ្ឌភាព នៃស្ថានីយ៍រថភ្លើងប៉ោយប៉ែត បន្ទាប់ពីបានជួសជុលមួយរយៈមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃនេះថា «ស្ថានីយ៍រថភ្លើងប៉ោយប៉ែត មុន និង ក្រោយ ជួសជុល គ្រោងបញ្ចប់ការជួសជុលទាំងស្រុងមុនចូលឆ្នាំខ្មែរ»។

ស្ថានីយរថភ្លើងប៉ោយប៉ែត ជាស្ថានីយរថភ្លើងអន្តរជាតិ ត្រូវបម្រើការឲ្យប្រតិបត្តិការខ្សែរថភ្លើង រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រះរាជាណាចក្រថៃ ដែលស្ថានីយ៍នេះ មានក្រឡាផ្ទៃដីទំហំ៧១,៨០៧ម៉ែត្រការ៉េ៕