(ភ្នំពេញ)៖ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការរង កងពលតូចថ្មើរជើង លេខ៤២ សូមប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយដោយ «គេហទំព័រសារព៌ត៌មានជំនាន់ថ្មី» ដែលប្រឌិតថា លោកគាំទ្រដល់ចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី។
លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស បានចាត់ទុកការផ្សព្វផ្សាយបែបនេះមានចេតនាទុចរិត ក្នុងបំណងញ៉ុះញង់បំបែកបំបាក់ មកលើកម្លាំងកងទ័ព ដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន និងជាការលាបពណ៌មួយចំពោះរូបលោក។
លោក នាក់ វង្ស បានបញ្ជាក់យ៉ាងដូច្នេះថា «ព័ត៌មាននេះគឺជាព័ត៌មានចិត្តសាស្ត្រ ដែលជនអគតិធ្វើឡើងដើម្បីលាបពណ៌ ញុះញង់ បំបែកបំបាក់ សាមគ្គីផ្ទៃក្នុងរបស់កងទ័ព។ ក្នុងនាមជានាយទាហានម្នាក់ គោលជំហររបស់ខ្ញុំ គឺស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ ប្រឆាំងដាច់ខាតចំពោះចលនាសង្រោះជាតិ និងបក្សសង្រោះជាតិ ដែលជាបក្សក្បត់ជាតិ ត្រូវបានតុលាសំរេច រំលាយចោលទៅហើយនោះ»។
ឧត្តមសេនីយ៍ត្រី បានបន្តថា បច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោហ៊ុន សែន ប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍគ្រប់ទីកន្លែង។ ប្រជាពលរដ្ឋមានសិទ្ធសេរីភាព ដើរហើរ ប្រកបរបរទទួលទាន ដោយសេរី។ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខកងទ័ព និងគ្រួសារកងទ័ព ជាពិសេសកងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។ ខ្ញុំបាទសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសាលដីកាតុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ»។
មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤២រូបនេះ បានប្រកាសគាំទ្រពេញទំហឹងនូវអនុសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន លបានថ្លែងអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានៅតែបន្តដំណើរការ និងគាំទ្រផងដែរ ចំពោះវិធានការបន្ត ដែលបានដាក់ចេញដោយសម្តេចតេជោ ក្នុងការបន្តទប់ស្កាត់ឧបាយកល បដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាការប្តេជ្ញាថែរក្សា ការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាប្រឆាំងទប់ស្កាត់បក្សនយោបាយ និងក្រុមអ្នកនយោបាយ ដែលឃុបឃិត និងបម្រើផលប្រយោជន៍ បរទេស។
លោក នាក់ វង្ស ក៏បានអំពាវនាវ និងស្នើសុំឲ្យកម្លាំងសមត្ថកិច្ច ស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូចដែលបានលាបពណ៌ និងមួលបង្កាច់រូបលោក តាមរយៈគេហទំព័រសារព័ត៌មានជំនាន់ថ្មីនេះ ឲ្យខានតែបាន៕