(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅវត្តបទុមមុនីរង្សី ហៅវត្តដូនម៉ៅ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមពី អភិបាលខេត្តត្បូងឃ្មុំ ប្រតិភូក្រសួងដែនដី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ជា សុផារ៉ា ថ្លែងថា «សន្តិភាព និងការអភិវឌ្ឍន៍ មានតម្លៃណាស់សម្រាប់ជីវិតបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវគិតល្អិតល្អន់ ទម្រាំដើរដល់ដំណាក់កាល នៃការរីកចម្រើនដូចសព្វថ្ងៃនេះ សូមដើរទៅតាមផ្លូវសន្តិភាព ដើម្បីរីកចម្រើនបន្តទៀត»។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា អ្នកណាក៏ដោយដែលប្រឆាំង ជាមួយនឹងការរស់ឡើងវិញ ការរីកចម្រើនរបស់ប្រទេសជាតិ ដែលធ្វើឲ្យមានអស្ថេរភាព បង្កអសន្តិសុខ នៅក្នុងមាតុភូមិកម្ពុជារបស់យើងនេះ គឺត្រូវអនុវត្តច្បាប់។
លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា នីតិរដ្ឋ គឹមានន័យថា រដ្ឋនេះមានច្បាប់ ប្រទេសនេះ មានច្បាប់ គឺដាច់ខាត មិនទទួលការបង្គាប់បញ្ជាពីក្រោយ ធ្វើតាមអ្នកនេះអ្នកនោះនោះទេ គឺធ្វើតាមរដ្ឋធម្មនុញ្ញ ដែលជាជាតិ មានសាសនា មានព្រះមហាក្សត្រ មានរាជរដ្ឋាភិបាលស្របច្បាប់ អនុវត្តលទ្ធិប្រជាធិបតេយ្យដ៏ពេញលេញ គឺគោរពសិទ្ធមនុស្ស គោរពសាសនាដ៏ល្អផូរផង់ ជាក់ស្តែងតាំងពីឆ្នាំ១៩៧៩មក បើមិនមានការគោរពសិទ្ធិមនុស្សនោះទេ ច្បាស់ណាស់ប្រទេសមួយនេះ មិនមានអ្វីៗដូចសព្វថ្ងៃនោះទេ ទាំងនេះហើយបញ្ជាក់យ៉ាងច្បាស់ គ្មានអ្នកណាម្នាក់មកមួលបង្កាច់ និងប្រកែកបានឡើយ នូវការផ្តល់នូវសិទ្ធិពេញលេញ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យព្រះពុទ្ធសាសនា នៅតាមវត្តអារាម ដែលយើងបានដឹង បានឃើញកន្លងមក។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់សប្បុរសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានចូលជាបច្ច័យដើម្បីកសាងនូវទីវត្តអារាមមួយនេះ រហូតសម្រេចបានសមិទ្ធផលយ៉ាងច្រើន ជាពិសេសមហាកុដិ ដ៏ថ្មីស្រឡាង ដែលផុសអណ្តែតលេចរូបរាង ឡើងនាពេលនេះ។
បើតាមរបាយការណ៍របស់លោក កេង ប៊ុណ្ណា អភិបាលស្រុកត្បូងឃ្មុំ បានអោយដឹងថា កុដិថ្មី០១ខ្នង ដ៍ល្អប្រណិតដែលដាក់សម្ពោធអោយប្រើប្រាស់ ក្នុងវិស័យព្រះពុទ្ធសាសនា នាពេលនេះ មានទំហំ ៨.៥ម៉ែត្រគុណនឹង២០ម៉ែត្រ ចំណាយថវិការអស់ចំនួន ៦ម៉ឺន១ពាន់ដុលា្លរ (៦.១០០០ដុល្លារ) ដែលជាសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់ព្រះសង្ឃ គង់ស្នាក់នៅរៀនសូត្រ និងប្រណិបត្តន៍ធម៍វិន័យ។
នាឳកាសនោះលោក ជា សុផារ៉ា បានធ្វើការបំពាក់មេដាយជូនព្រះសង្ឃ និងសប្បុរសជនចំនួន ២៦អង្គ/នាក់ និងបានប្រគេនបច្ច័យជូន វត្តបទុមមុនីរង្សី ចំនួន១០លានរៀល សម្រាប់ទុកប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនា, និងផ្តល់ជូនថវិការ ក្រណាត់ស សារ៉ុង សម្ភារៈសិក្សាដល់ សាលាស្រុកត្បូងឃ្មុំ សាលាឃុំទន្លេបិទ តាជីយាយជី បុគ្គលិកពេទ្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងកាត់ខ្សែបូសម្ពោធអោយប្រើប្រាស់ ចាប់ពីពេលនេះតទៅ ៕