(ភ្នំពេញ)៖ ម្ចាស់លំនៅដ្ឋានមួយកន្លែងគឺលោក សេង សិទ្ធិគុណ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានចោទអាជ្ញាធរខណ្ឌច្បារអំពៅ ថា បានរារាំងគាត់រហូតចុះទៅដកហូតយកសម្ភារសាងសង់លំនៅដ្ឋាន បើទោះបី អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចេញលិខិតជម្រាបជូនទៅអភិបាលខណ្ឌ ដោយឯកភាព ឲ្យសាងសង់លំនៅដ្ឋាននេះក៏ដោយ។
លោក សេង សិទ្ធិគុណ បានចាត់ទុកថា ការចុះមករារាំង រហូតចុះមករឹបអូសសម្ភារសាងសង់ផ្ទះបែបនេះ បានបង្ហាញថា លិខិតរបស់អភិបាលរាជធានីភ្នំពេញ ពុំមានតម្លៃនោះឡើយ។ យ៉ាងណាក៏ដោយ ចំពោះការចោទប្រកាន់ពីម្ចាស់ផ្ទះរូបនេះត្រូវបានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបដិសេធ និងបញ្ជាក់ពីមូលហេតុថា ម្ចាស់ផ្ទះពុំទាន់បានបញ្ចប់ជម្លោះ ជាមួយអ្នកជិតខាងដែល បានប្តឹងមកអាជ្ញាធរ អំពីការសាងសង់ផ្ទះជាប់នឹងព្រំដីជាមួយគ្នា។
លោក សេង សិទ្ធិគុណ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយរៀបរាប់ពីដំណើររឿងថា លំនៅដ្ឋាននេះ លោកបានទិញពីម្ចាស់មុខកាលពីដើមខែមករា ឆ្នាំ២០១៦ តាមរយៈលិខិតផ្ទេរសិទ្ធ និងមានការទទួលស្គាល់ពីអាជ្ញាធរ ព្រមទាំងមន្ត្រីជំនាញត្រឹមត្រូវទាំងអស់ ដោយមានទម្រង់ផ្ទះជាធម្មតា។ ក្រោយទិញផ្ទះនេះរួចមក លោកក៏បានសម្រេចវាយចោល ដើម្បីសាងសង់ថ្មី ប៉ុន្តែនៅពេលសំច្បាប់ទៅកាន់អាជ្ញាធរខណ្ឌ មិនត្រូវបានអនុញ្ញាតឲ្យនោះទេ ពោលបានសុំតាំងពីខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ។
បើតាមលោក សេង សិទ្ធិគុណ ដំបូងឡើយ អាជ្ញាធរខណ្ឌបានអនុញ្ញាតឲ្យសាងសង់គម្រាតពីព្រុំអ្នកជិតខាង ចម្ងាយ៥តឹក តែពេលបុកគ្រឹះ និងដាំសរសរដែករួច បែរជាមករារាំង ដោយលើកហេតុផលថា ត្រូវបានអ្នកជិតខាងប្តឹង ដូច្នេះត្រូវផ្អាកការសាងសង់សិន។ លោកបន្តថា បន្ទាប់ពីអាជ្ញាធរផ្អាកការសាងសង់ និងមិនចេញលិខិតឲ្យ លោកក៏បានសុំអន្តរាគមន៍ ពីអភិបាលរាជធានីភ្នំពេញ ពីព្រោះការសាងសង់លំនៅដ្ឋាននៅក្នុងដីឡូតិ៍ របស់ខ្លួនសោះ ទើបអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បានចេញលិខិតជម្រាបមកអភិបាលខណ្ឌច្បារអំពៅ ដោយឯកភាពជាគោលការណ៍ជូនលោក ដើម្បីសាងសង់លំនៅដ្ឋានស្នាក់នៅឡើងវិញ។
ប៉ុន្តែក្រោយពិអភិបាលរាជធានីភ្នំពេញ ចេញលិខិតនេះក៏ដោយ ក៏អាជ្ញាធរខណ្ឌចុះ ទៅផ្អាករហូតលោកដាក់លិខិតទៅអភិបាខណ្ឌ កាលពីថ្អៃទី២២ ខែមករា តែមកដល់ថ្ងៃនេះ មិនបានចេញលិខិតអនុញ្ញាត ថែមទាំងចុះមករឹបអូសយករថយន្តស្ទួច និងសម្ភារសាងសង់របស់លោកទៀតផង។
ដោយាសារតែបញ្ហានេះ ដោះស្រាយមិនទាន់ចប់ ទើបអភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ដឹកនាំការប្រជុំមួយ ដោយមានការចូលរួមពីអភិបាលខណ្ឌ មន្ត្រីជំនាញ និងភាគីម្ចាស់ផ្ទះទាំងសង្ខាង។ នៅក្នុងកិច្ចប្រជុំនេះ ប្រធានអង្គប្រជុំ បានសម្រេចឲ្យលោកសាងសង់ដកឃ្លាពីព្រំ៨,៥តឹក ប៉ុន្តែលោកមិនអាចទទួលយកបានឡើយ ពីព្រោះផ្ទះបានបុកគ្រឹះ និងដាំសរសេរដែក រួចហើយដូច្នេះ បើមានការរុះរើសារជាថ្មី ត្រូវខូចខាតយ៉ាងហោចណាស់ក៏ខ្ទង់៣០០០០ដុលា្លរដែរ។
នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ លោក ណុប ផា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងសន្តិសុខ ចុះទៅដកហូតសម្ភារសាងសង់ និងរថយន្តស្ទួចទៀតផង យកទៅដាក់នៅសាលាខណ្ឌ។ លោក ចេង មុនីរ៉ា បានបញ្ជាក់ទៀត លោកនឹងខិតខំសម្របសម្រួលថែមទៀតរវាងម្ចាស់ផ្ទះទាំងពីរ កុំឲ្យនៅជាប់ជំពាក់ជំពិនជម្លោះតទៅទៀត ទើបឲ្យសាងសង់។
យ៉ាងណាក៏ដោយ ម្ចាស់លំដ្ឋានលោក សេង សិទ្ធិគុណ សុំទទូចឲ្យអភិបាលរាជធានីភ្នំពេញ ជួយរកដំណោះស្រាយបញ្ចប់ពីព្រោះលំនៅដ្ឋាន និងដីឡូតិ៍នេះ លោកបានទិញត្រឹមត្រូវ និងបានស្ម័គ្រចិត្តកាត់ជូនតាមការស្នើរសុំ របស់រដ្ឋលើការពង្រីកផ្លូវជាតិលេខ១ ចុះហេតុអ្វីអ្នកជិតខាងបែរជាមកប្តឹងជំទាស់ទៅវិញ?។
តាមការអង្កេតជាក់ស្តែងរបស់ភ្នាក់ងារព័ត៌មាន Fresh News ដែលចុះទៅផ្ទះនោះផ្ទាល់ បានពិនិត្យឃើញថា ម្ចាស់ដី ដែលនៅក្បែរផ្ទះរបស់លោក សេង សិទ្ធិគុណ គឺជាអ្នកមានម្នាក់ ដោយបើកមុខរបរលក់គ្រឿងចក្រ និងអាចមានខ្សែទុយយោដែលធ្វើការនៅក្នុងរដ្ឋបាលខណ្ឌច្បារអំពៅទៀតផង ទើបលោកស្នើសុំសាងសង់លំនៅដ្នានឡើងវិញចេះតែអាក់ខានរហូត៕