(តាកែវ)៖ មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ បានផ្ដល់នូវសមិទ្ធផលថ្មីចំនួន២ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ខេត្តតាកែវ ក្នុងនោះរួមមាន អគារសិក្សាកម្ពស់២ជាន់ (១២បន្ទប់) ក្នុងបរិវេណវិទ្យាល័យ សុខ អាន ទន្លាប់ និងស្ថានីយ៍បូមទឹកមួយ ស្ថិតនៅក្នុងភូមិត្រើយទម្លាប់ ឃុំព្រះបាទជាន់ជុំ ដែលសមិទ្ធផលទាំងពីរខាងលើ ត្រូវបានអនុវត្តគម្រោងដោយអង្គការសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ក្រោមការសម្របសម្រួលដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ពិធីប្រគល់-ទទួលនូវសមិទ្ធផលថ្មីខាងលើ ត្រូវបានធ្វើឡើងរវាងលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (ភាគីកម្ពុជា) និងលោកស្រី យូ ស៊ាវសុ័ន អគ្គលេខាធិការរងប្រតិបត្តិ និងជាតំណាងឱ្យមូលនិធិចិនដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (ភាគីចិន) ក្រោមអធិបតីភាពលោក សុខ សូកាន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅស្រុកគិរីវង់ ខេត្តតាកែវ។

លោកស្រី យូ ស៊ាវសុ័ន បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងប្រទេសចិន ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ហើយសមិទ្ធផលនេះ គឺជាការបំពេញបំណងប្រាថ្នារបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានស្នើសុំកិច្ចសហការពីភាគីចិន ដើម្បីជួយអភិវឌ្ឍន៍ស្រុកគិរីវង់។ ការរួមចំណែកដោះស្រាយបញ្ហារបស់ប្រជាជនកម្ពុជា គឺជាបំណងរបស់ប្រជាជនចិនទាំងមូល។

លោក សុខ សូកាន បានថ្លែងអំណរគុណចំពោះលោកស្រី យូ ស៊ាវសុ័ន ដែលបានផ្តល់ទំនុកចិត្តដល់អង្គការសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការអនុវត្តគម្រោងនេះ រហូតបានសម្រេចជាស្ថាពរ និងចំពោះលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានខិតខំប្រឹងប្រែងសហការ និងបំពេញភារកិច្ចខាងទំនាក់ទំនង រវាងអង្គការសង្គមស៊ីវិលនានា ដែលបានចូលរួមក្នុងការអភិវឌ្ឍ និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

វេទិកាសម្ព័ន្ធសង្គមស៊ីវិលនេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងការប្រមូលផ្តុំទស្សនៈ មតិយោបល់ ពីសំណាក់បញ្ញាវ័ន្ត ក្រុមស្រាវជ្រាវ បណ្ឌិតសភាចារ្យ សង្គមស៊ីវិល ដោយសម្របសម្រួល ចងក្រង ប្រែក្លាយគំនិតយោបល់ទាំងនោះឱ្យទៅជាសំណើគោលនយោបាយ ផ្អែកតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបម្រើប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋ។

សមិទ្ធផលទាំងនេះ សបញ្ជាក់ឱ្យឃើញអំពីសញ្ញាណវិជ្ជមាននៅក្នុងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលជាមួយនឹងអង្គការជាតិ និងអន្តរជាតិ ដោយមានការបើកចំហទូលំទូលាយ និងមិនមានការរឹតត្បិតសិទ្ធិសេរីភាពក្នុងសង្គមស៊ីវិលឡើយ។ អង្គការសង្គមស៊ីវិលដែលគោរពតាមច្បាប់ប្រទេសកម្ពុជា នៅតែដើរតួរនាទីជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទូទាំងប្រទេសទទួលបាននូវសុខដុមនីយកម្ម សុខសន្តិភាព និងការរីកចម្រើន។ ជាក់ស្តែងប្រទេសកម្ពុជាមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីជាង៣,០០០ ដែលកំពុងប្រតិបត្តិការ។

ទន្ទឹមនឹងនេះពិធីប្រគល់-ទទួលអគារសិក្សា និងស្ថានីយ៍បូមទឹកនេះ ក៏បង្ហាញអំពីជំហានថ្មីមួយទៀតដ៏មានសារសំខាន់ និងគួរឱ្យអបអរសាទរនៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសង្គមស៊ីវិល និងបានផ្តល់ជំនួយគម្រោងអភិវឌ្ឍដោយផ្ទាល់ មកកាន់មូលដ្ឋានប្រទេសកម្ពុជាដោយផ្ទាល់តាមតម្រូវការជាក់ស្តែងរបស់ប្រជាជនតែម្តង។

សមិទ្ធផលទាំងនេះ ពិតជាឆ្លើយតបនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃ និងចំកាលៈទេសៈបំផុត សម្រាប់ប្រជាជនស្រុកគិរីវង់ ដែលចំនួនអគារសិក្សានៅខ្វះខាតស្របពេលដែលចំនួនសិស្សកំពុងតែកើនឡើងជាលំដាប់ ហើយស្ថានីយ៍បូមទឹកថ្មីនេះ នឹងមានវិសាលភាពគ្របដណ្តប់ផ្ទៃដីដាំដុះរហូតដល់ ៥,០៨៤ហិចតា សម្រាប់ប្រជាជនរស់នៅឃុំចំនួន៤ រួមមាន ឃុំព្រះបាទជាន់ជុំ ឃុំព្រៃអំពក ឃុំរាមអណ្តើក និងឃុំអង្គប្រាសាទ។

លោកអ្នកតំណារាស្ត្រ ក៏បានចូលរួមអបអរសាទរ និងបានផ្តល់ដំបូន្មានដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ និងធ្វើខ្លួនជាពលរដ្ឋល្អ ព្រមទាំងចូលរួមការងារស្ម័គ្រចិត្តដើម្បីបម្រើការងារសង្គម និងសូមជូនពរឱ្យចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ និងជឿជាក់ថាចំណងមិត្តភាពកម្ពុជា-ចិន នឹងកាន់តែរឹងមាំខ្លាំងឡើងថែមទៀតនាថ្ងៃអនាគត៕