(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានបញ្ជាឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បង្កើនការពារសុវត្ថិភាព សន្ដិសុខសង្គម ពិសេសក្នុងកិច្ចដំណើរការបោះឆ្នោតព្រឹទ្ធសភា ខាងមុខនេះ។
ថ្លែងដោយដាក់បទបញ្ជាបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំបូកសរុបសន្តិសុខសង្គម លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំខែមករា និងទិសដៅខែកុម្ភៈ ឆ្នាំ២០១៨ និងផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងកិច្ចដំណេីរ ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែនជំនាញ លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងនគរបាលស្រុក ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ទូទាំងខេត្តសរុបចំនួន២៨៥នាក់ ស្រី០៣នាក់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានវាយតម្លៃខ្ពស់ពីលទ្ធផលដែលកម្លាំងនគរបាលទូទាំងខេត្តសម្រេចបាននាពេលកន្លងមក ប៉ុន្ដែទន្ទឹមនឹងលទ្ធផលល្អទាំងនោះ ក៏ត្រូវពង្រឹង និងបង្កើនសកម្មភាពការងារបន្ថែមទៀតផងដែរ។
ស្របពេលដែលការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨ កាន់តែឈានជិតចូលមកដល់ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងការការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ឲ្យបានល្អ ព្រោះខ្លាចក្រែងមានជនអគិតមួយចំនួនប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ៕