(ព្រះវិហារ)៖ ថ្លែងទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងពិធីបញ្ចុះខណ្ឌសីមាវិហារ វត្តប្រាសាទព្រះលាន ស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានលើកឡើងថា «ប្រសិនបើប្រទេសជាតិ គ្មានសុខសន្តិភាព ស្ថិរភាពប្រជាពលរដ្ឋ ក៏គ្មានសេរីភាព ប្រទេសជាតិក៏គ្មានការអភិវឌ្ឍ ដូចសព្វថ្ងៃនេះដែរ»។
លោក អ៊ុន ចាន់ដា បានថ្លែងថា សុខសន្តិភាពដែលមាននៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ គឺបានមកដោយការលំបាកណាស់ បានមកដោយការ លះបង់សព្វបែបយ៉ាងរបស់ថ្នាក់ដឹកនាំប្រទេសយើង។ បើគ្មានសុខសន្តិភាពទេ ប្រជាពលរដ្ឋខ្មែរយើងក៏រស់នៅមិនមានសិទ្ធសេរីភាព និងប្រទេសជាតិយើង ក៏គ្មានការអភិវឌ្ឍន៍ដូចសប្វថ្ងៃនេះដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សាសុខសន្តិភាពនេះឲ្យនៅគង់វង់។ ប្រឆាំងដាច់ខាតគ្រប់ចលនាណាមួយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាយើង។
ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនៃ ដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឃន៍រីកចំរើនតទៅទៀត។
លោក អ៊ុន ចាន់ដា ក៏បានធ្វើការអំពាវនាវផងដែរដល់ព្រះសង្ឃ ត្រូវបញ្ជ្រាបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅរាល់កម្មវិធីទេសនាតាមកន្លែងផ្សេងៗ ឲ្យប្រជាពលរដ្ឋយើងបានយល់ជ្រួតជ្រាប ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទន្ទឹមនឹងនោះដែរលោកក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋត្រូវអប់រំកូនចៅត្រូវនៅ ឲ្យឆ្ងាយពីគ្រឿងញៀន និងកុំព្យាយាមសាកល្បងងោយសោះ។
ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា ក្នុងនាមរដ្ឋបាលខេត្ត បានចូលបច្ច័យ៥លានរៀល សម្រាប់កសាងព្រះវិហារ និងបានប្រគល់បណ្ណ័សរសើរ ដល់សប្បុរសជន ព្រមទាំងកាត់ខ្សែរបូរដាក់ ឲ្យប្រើប្រាស់ព្រះវិហារនេះចាប់ពីថ្ងៃនេះផងដែរ៕