(ភ្នំពេញ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញទីតាំងគម្រោងកំពង់ផែកាណូត សម្រាប់ដឹកជញ្ជូនអ្នកដំណើរតាមដងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គ ចាប់ពីព្រែកព្នៅ ដល់សួនច្បារតាខ្មៅ ខេត្តកណ្តាល។
Facebook ផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ទីតាំងកំពង់ផែកាណូត ដែលនឹងដាក់ឲ្យដំណើរការនៅមុខបុណ្យឆ្នាំខ្មែរខាងមុខនេះមាន៖
*ទីតាំងទី១៖ កំពង់ផែ ព្រែកព្នៅ
*ទីតាំងទី២៖ កំពង់ផែ មុខឃ្លាំងសាំងឫស្សីកែវ
*ទីតាំងទី៣៖ កំពង់ផែ ផែបណ្តែត
*ទីតាំងទី៤៖ កំពង់ផែ ណាហ្គា
*ទីតាំងទី៥៖ កំពង់ផែ ភូមិដើមចាន់ (ច្បារអំពៅ)
*ទីតាំងទី៦៖ កំពង់ផែ សួនច្បារតាខ្មៅ។
សូមជម្រាបថា កាលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅមុនបុណ្យចូលឆ្នាំខ្មែរ ចូលមកដល់ក្នុងខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ក្រសួងសាធារណការ និងដឹកញ្ជូន នឹងដាក់ឲ្យដំណើរការ នូវកាណូតដឹកអ្នកដំណើរពីព្រែកព្នៅមកភ្នំពេញ និងពីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវដាក់ឲ្យដំណើរការ ខណៈរថភ្លើងដឹកអ្នកដំណើរ ពីស្ថានីយរថភ្លើង ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏នឹងដំណើរការផងដែរ៕