(មណ្ឌលគិរី)៖ អធិការនគរបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី លោក ប៊ូ ប៊ុនឈាត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News មុននេះបន្តិចនាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀត​ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់ប្រហារសម្លាប់ជនរងគ្រោះទាំង៣នាក់ នោះគឺជាប្អូនថ្លៃរបស់ជនដៃដល់ ផល ពេញ នាយនគរបាលប៉ុស្តិ៍អូររលែ ដែលជាជនដៃដល់តែម្តង។

បើតាមលោកអធិការស្រុកអូររាំង ថ្លែងឲ្យដឹងថា ជនសង្ស័យរូបនេះ គឺជាអ្នកទៅយកកាំភ្លើងពីឈ្មោះ ផល ពេញ ទៅលាក់ទុក និងជួយជម្លៀស ផល ពេញ ឲ្យចេញពីក្នុងព្រៃដើម្បីរត់គេចខ្លួន។ ការចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលនាំរហូតមកដល់ពេលនេះ​ទាំងជនដៃដល់ និងជនពាក់ព័ន្ធនៃអំពើឃាតកម្មបាញ់សម្លាប់ កើនឡើងរហូតដល់៦នាក់ ដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ខណៈជនដៃដល់ឈ្មោះ ផល ពេញ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ និងកំពុងនាំខ្លួនទៅកាន់ខេត្តមណ្ឌលគិរីវិញនៅថ្ងៃនេះ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា «នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ ព្រិល រ៉ាម៉ាណ នាយការិយាល័យបច្ចេកទេសខេត្ត បានសហការកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត, កម្លាំងអធិការដ្ឋានស្រុកអូររាំកែវ និងស្រុកកែវសីម៉ា បាននាំខ្លួនឈ្មោះ ឈាង វ៉ាន់និត ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាប្អូនថ្លៃ ផល ពេញ ដែលមានទីកន្លែងកំណើតឃុំសំបូរ ស្រុកល្វាឯម ខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្នសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាអ្នកដែលបានទទូលយកអាវុធពីឈ្មោះ ផល ពេញ ដែលពាក់ព័ន្ធ និងអំពើឃាតកម្មនៅប៉ុស្តិ៍ការពារព្រំដែនអូររលែ យកទៅលាក់ទុក នៅចំណុចចន្លោះគីឡូម៉ែត្រ៨៩-៩០ ចម្ងាយ៣០ម៉ែត្រ ពីផ្លូវជាតិលេខ76A ស្ថិតក្នុងភូមិ អណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង។ អាវុធ AK47 ចំនួន១ដើម បង់១ គ្រាប់ចំនួន២៩គ្រាប់»

បច្ចុប្បន្នត្រូវបានបញ្ជូនមកកាន់មូលដ្ឋានអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីសួរនាំ ហើយការឃាត់ខ្លួនជនសង្ស័យក្នុងរឿងឃាតកម្ម បាញ់សម្លាប់មនុស្សនេះ មានអ្នកជាប់សង្ស័យកើនឡើងចំនួន៦នាក់ហើយ បូករួមទាំងជនដៃដល់ ផល ពេញ ផងដែរ។

ជនដៃដល់ និងជនពាក់ព័ន្ធទាំង៦នាក់ រួមមាន៖

ទី១៖ ​ឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្ដិ៍អូររលែ នៃវរការពារព្រំដែនលេខ៦២១ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃ ទី០២ ខែកុម្ភៈ ស្ថិតនៅហាងគុយទាវមួយកន្លែង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាអ្នកបាញ់ផ្ទាល់ទៅលើជនរងគ្រោះទាំង៣នាក់។

ទី២៖ ឈ្មោះ កើត វេហា ហៅឆៃ ជាទាហានការពារព្រំដែន ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមករា ជាជនពាក់ព័ន្ធ។

ទី៣៖ ឈ្មោះ កើត វេតា ជាទាហានការពារព្រំដែន។

ទី៤៖ ឈ្មោះ ឡាយ សាវី ជាទាហានការពារព្រំដែន។

ទី៥៖ឈ្មោះ ទន់ ធារ៉ា ជាមន្ដ្រីនគរបាលប៉ុស្ដិ៍អូររលែ ដែលអ្នកទាំង៣នេះ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី០១ ខែកុម្ភៈ។

ទី៦ឈ្មោះ ឈាង វ៉ាន់និត ប្អូនថ្លៃ ផល ពេញ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។

ដោយឡែកជនរងគ្រោះទាំង៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា ដែលការបាញ់ប្រហារនេះផ្តើមចេញពីបទល្មើសព្រៃឈើ។

សូមបញ្ជាក់ថា ការបាញ់ប្រហារនេះ បានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់៕