(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានដាស់តឿនឲ្យមន្ត្រីមូលដ្ឋានទូទាំងខេត្តទាំងអស់ ត្រូវបង្កើនសមត្ថភាពឲ្យបានខ្លាំងខ្លាបន្ថែមទៀត ក្នុងដោះស្រាយទុក្ខលំបាក ក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសត្រូវបំរើសេវាសាធារណៈ ទាំងសេវាសំណូមពរ និងសេវាតម្រូវការឲ្យបានឆាប់រហ័ស។
លោក ម៉ៅ ធនិន បានថ្លែងបែបនេះ នៅក្នុងជំនួបសំណេះសំណេះសំណាល ជាមួយក្រុមប្រឹក្សាស្រុក-ឃុំ ក្រុមយុវជន ឃុំ-ភូមិ មន្ត្រីភូមិ ទូទាំងស្រុកភ្នំក្រវាញ និងប្រជាពលរដ្ឋក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ទាំង២ទីតាំងផ្សេងគ្នា សរុបជាង១ពាន់នាក់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ។
លោក ម៉ៅ ធនិន បានបន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃជូនពួកគាត់ ដូចជាការដោះស្រាយ លិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ ដែលទាំងនេះ ជាក្រមសីលធម៌របស់មន្ត្រី ហើយនឹងប្រាកដជាទទួលបាននូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ជាក់ជាមិនខាន។ បែរមកវិញ មន្ត្រីទាំងអស់គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែក ដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ និងអនុវត្តឲ្យបាននូវអភិក្រមទាំងប្រាំចំណុចគឺ ដុះក្អែល ងួតទឹក ឆ្លុះកញ្ចក់ ព្យាបាល និងចុងក្រោយវះកាត់។
លោក ម៉ៅ ធនិន បានបន្តយ៉ងដូច្នេះថា មានអ្នកនយោបាយ និងក្រុមអមិត្តខ្លះ កំពុងទាញទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងដឹកនាំធ្វើ ឲ្យប្រទេសមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូច្នេះសំខាន់បំផុតត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាព និងត្រូវទប់សង្គ្រាមផ្ទៃក្នុងមានតែខ្មែរ គ្នាឯងទេដែលគិតពីខ្មែរ ហើយប្រទេសមហាអំណាចមិនដែលគិតពីខ្មែរនោះទេ ជាក់ស្តែងគឺមានតែបន្សល់ទុក នូវគ្រាប់បែក និងសោកនាដកម្មព្រាត់ប្រាស់ក្រុមគ្រួសារ។
លោកអភិបាលខេត្ត បានដាក់បញ្ជាទៅដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវលុបបំបាត់ទាំងស្រុង នូវការបង្កើតបនល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ដោយប្រើប្រាស់ភ្នែក ឲ្យបានច្រើនជាងចៀក និងចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ - ឃុំ មានសុវត្ថិភាព ដើម្បីរក្សាឲ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕