(សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី បានប្ដេជ្ញារួមគ្នាថានឹងពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង២ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ការប្ដេជ្ញារួមគ្នារវាងធនាគារទាំង២នេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
ការប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Muhammad bin Ibrahim ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី។ កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានប្រារព្វឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព, មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្តាលទាំងពីរ។
កន្លងមកធនាគារកណ្តាលម៉ាឡេស៊ី បានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស របស់ធនាគារជាតិកម្ពុជាតាមរយៈការផ្តល់នូវវគ្គបណ្តុះបណ្តាលនានាក៏ដូចជាការចុះទស្សនកិច្ចសិក្សាផ្ទាល់ទៅធនាគារកណ្តាលម៉ាឡេស៊ីផងដែរ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ីក៏បានរួមគ្នាបង្កើត Supervisory College ដើម្បីពង្រឹងប្រសិទ្ធភាពនៃការត្រួតពិនិត្យ ធនាគារឆ្លងប្រទេសទាំងពីរ មកទល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ប្រកបដោយភាពល្អប្រសើរ និងបានរួមចំណែក ជំរុញដល់ការរីកចម្រើននៃវិស័យធនាគារ ក្នុងប្រទេសទាំងពីរ។
កាលពីឆ្នាំ២០១០ កន្លងទៅធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀគ្នាលើ អនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ បច្ចេកទេសទៅលើការត្រួតពិនិត្យធនាគារ, ប្រព័ន្ធទូទាត់និងផាត់ទាត់, គោលនយោបាយរូបិយវត្ថុ និងការវិភាគម៉ាក្រូសេដ្ឋកិច្ច។ ក្នុងកិច្ចប្រជុំនោះ គណៈប្រតិភូទាំងពីរភាគី បានពិភាក្សានិងផ្លាស់ប្តូរយោបល់ និងព័ត៌មានអំពីវឌ្ឍនភាពនៃ កិច្ចសហប្រតិបត្តិការដែលសម្រេចបានមកទល់បច្ចុប្បន្ន ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងអភិបាលកិច្ច និងរចនាសម្ព័ន្ធរបស់ ធនាគារកណ្តាលទាំងពីរ។
បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បាននិងកំពុងរីចម្រើនយ៉ាងឆាប់រហ័ស ក្នុងវិស័យហិរញ្ញវត្ថុ ធនាគារកណ្តាលទាំងពីរបានបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មបង្កើនប្រសិទ្ធភាព និងសក្ត័សិទ្ធភាពនៃវិស័យហិរញ្ញវត្ថុ របស់ប្រទេសទាំងពីរ ជាពិសេសលើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។
លើសពីនេះ ធនាគារកណ្តាលទាំងពីរក៏បានប្តេជ្ញា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ទៅលើការត្រួតពិនិត្យធនាគារ និងការសិក្សាស្រាវជ្រាវ ។ល។ ដើម្បីអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យធនាគារ សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរប្រកបដោយចីរភាព៕