(សៀមរាប)៖ ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានកាត់ផ្តាច់ ដោយសារតែប្រជាពលរដ្ឋបានកាប់ដើមត្នោតដួលរលំលើខ្សែបញ្ជូនអគ្គិសនីតង់ស្យុងមធ្យម (MV) នៅវេលាម៉ោងប្រមាណ ៦៖៣៦នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ នេះបើតាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា។
អគ្គិសនីកម្ពុជា បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសកំពុងយកដើមត្នោតចេញ និងជួសជុលរៀបចំប្រព័ន្ធខ្សែបណ្តាញឡើងវិញ។ បើតាមអគ្គិសនីកម្ពុជា ចរន្តអគ្គិសនីត្រូវបានភ្ជាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញហើយនៅម៉ោង ១០៖២៦នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
អគ្គិសនីកម្ពុជា បានសូមការយោគយល់ និងអធ្យាស្រ័យដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានរងផលប៉ះពាល់ចំពោះការដាច់ចរន្តអគ្គិសនីខាងលើនេះ។
អគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕