(ភ្នំពេញ)៖ គម្រោងលំនៅឋានតម្លៃសមរម្យ ចាប់ពីជាងម៉ឺនដុល្លារឡើងទៅ និងកម្ពស់២ជាន់ សម្រាប់អ្នកចំណូលមធ្យម និងមន្ត្រីរាជការ ដែលបានបើការដ្ឋានសាងសង់ កាលពីដើមឆ្នាំ២០១៧កន្លងទៅនេះ បានប្រកាស ពីនីតិវិធីក្នុងការបង់ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ និងនីតិវិធីបង់រំលោះប្រចាំខែ ។
មានប្រជាជនជាច្រើន ដែលចង់បានលំនៅឋាននេះ សម្រាប់ស្នាក់នៅ ប្រាកដជាចង់ជាដឹងនូវតម្លៃបង់មុន និងបង់ប្រចាំខែ ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក៏បានស្នើឲ្យអ្នកអភិវឌ្ឍន៍សម្រួលយ៉ាងណាឲ្យតម្លៃបង់ប្រចាំខែ នៅទាបបំផុត ដើម្បីឲ្យប្រជាពលរដ្ឋចង់បានលំនៅឋានកាន់តែងាយស្រួល ។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលជាក្រុមហ៊ុលទទួលបានសិទ្ធិ លក់គម្រោងលំនៅឋាន តម្លៃសមរម្យនេះ បានឲ្យដឹងថា ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅនេះ បានអនុញ្ញាតឲ្យអតិថិជនអាចបង់ប្រាក់ត្រឹមតែ ៥ភាគរយ ឬ១០ភាគរយ នៃតម្លៃផ្ទះប៉ុណ្ណោះ ក្នុងដំណាក់កាលដំបូង ។ បន្ទាប់មកទៀត នៅក្នុងរយៈពេល២៤ខែ អតិថិជនត្រូវបង់ឲ្យបាន ពី២០ទៅ៣០ភាគរយ ហើយនៅសល់ប៉ុណ្ណោះ ត្រូវបង់រំលោះប្រចាំខែ ។
លោកឧកញ៉ាបញ្ជាក់ថា «ចំពោះប្រាក់ ដែលត្រូវបង់ប្រចាំខែ របស់ប្រជាពលរដ្ឋ អាចចន្លោះពី១០៥ដុល្លារអាមេរិក ទៅ២៤៤ដុល្លារអាមេរិក អាស្រ័យទៅតាមការបង់ប្រាក់កក់ដំបូងរបស់ប្រជាពលរដ្ឋ ។ប្រសិនជាគាត់ ដាក់ប្រាក់ច្រើន គាត់នឹងបង់ប្រចាំខែតិច តែបើគាត់ដាក់ប្រាក់កក់ដំបូងតិច គាត់នឹងត្រូវបង់ប្រចាំខែច្រើន»។
លោកឧកញ៉ាបន្តថា គម្រោងលំនៅឋានមួយនេះ មានអតិថិជនដាក់ពាក្យស្នើសុំទិញ មានរហូតដល់ជាង៣ពាន់នាក់ឯណោះ តែចំពោះប្រជាពលរដ្ឋ និងមន្ត្រីរាជការតែជាង២ពាន់នាក់ប៉ុណ្ណោះដែលមានសិទ្ធិគ្រប់គ្រាន់ ក្នុងការទិញគម្រោងលំនៅឋាននេះ ។គម្រោងលំនៅឋាននេះ ជាគោលនយោបាយលំនៅឋានសាធារណៈរបស់រាជរដ្ឋាភិបាល ដូចនេះរាល់លក្ខខ័ណ្ឌនានាក៏ត្រូវបានកំណត់រួមដោយរាជរដ្ឋាភិបាល និងក្រុមហ៊ុនអភិវឌ្ឍន៍ ។យើងមិនអាចធ្វើអ្វីដោយចិត្តឯងបាននោះទេ ជាក់ស្ដែងលក្ខខ័ណ្ឌ ចំពោះស្ថានភាពគ្រួសារដែលអាចទិញគម្រោងលំនៅឋាននេះ ក៏មានការព្រមព្រៀងគ្នាពីរាជរដ្ឋាភិបាល និងក្រុមហ៊ុនអភិវឌ្ឍន៍ដែរ»។
លោកបន្ថែមថា រហូតមកដល់ពេលនេះ គម្រោងលំនៅឋានសាធារណៈដំបូងគេនេះ បានទទួលប្រាក់ពីប្រជាពលរដ្ឋចំណូលមធ្យម និងមន្ត្រីរាជការមិនទាន់មានផ្ទះស្នាក់ជាបណ្ដើរៗហើយហើយចំពោះការសាងសង់ នឹងត្រូវអោយរួចរាល់នៅចុងឆ្នាំ២០១៨នេះ និងប្រគល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ដែរ ។
លោកឧកញ៉ាសៀ ឬទ្ធី អភិវឌ្ឍន៍គម្រោងលំនៅឋាននេះ បានឲ្យដឹងថា លោកស្វាគមន៍ចំពោះការវិនិយោគគម្រោងលំនៅឋានសាធារណៈតម្លៃសមរម្យ នៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ទៀត ព្រោះបើតាមមើលពីតម្រូវការលំនៅឋាន នៅក្នុងរាជធានីភ្នំពេញ ឃើញថាគម្រោងលំនៅឋានរបស់លោក មួយមិនអាចផ្គត់ផ្គង់តម្រូវការលំនៅឋានគ្រប់គ្រាន់ទេ ហើយនៅឆ្នាំបន្តបន្ទាប់ទៀត តម្រូវការលំនៅឋាននៅក្នុងរាជធានីភ្នំពេញ នឹងកើនកាន់តែច្រើន ព្រោះមានអ្នករៀបការថ្មីៗក៏ច្រើន និងអ្នកចំណូលថ្មីក៏ច្រើន ហើយក្នុងនោះ មួយចំនួនធំក៏ជាអ្នកមានចំណូលទាប ដែលមិនទាន់មានលទ្ធភាពទិញលំនៅឋានតម្លៃខ្ពស់ៗបានស្នាក់នៅ នៅឡើយ ។
គួរបញ្ជាក់ថា ក្រៅពីគម្រោងលំនៅឋានសាធារណៈ ដែលសហការជាមួយរដ្ឋាភិបាល ក៏មានគម្រោងលំនៅឋានតម្លៃសមរម្យជាច្រើនទៀត បានប្រកាសធ្វើអាជីវកម្មនៅរាជធានីភ្នំពេញ ជាលក្ខណៈឯកជន ។តាមរយៈសកម្មភាពនេះដែរ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក៏ធ្លាប់ប្រកាសឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នផងដែរ មុនពេលសម្រេចចិត្តទិញលំនៅឋាន ពីក្រុមហ៊ុនណាមួយសម្រាប់ស្នាក់នៅ ព្រោះបច្ចុប្បន្នមានគម្រោងមួយចំនួនពិតប្រាកដ តែមួយចំនួនទៀត ជាគម្រោងខ្យល់នោះ៕