(ភ្នំពេញ)៖ រហូតមកដល់វេលាម៉ោងប្រមាណ០៧៖១៥នាទីល្ងាច ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ជនដៃដល់ដែលជានាយនគរបាលប៉ុស្តិ៍អូររលែ ផល ពេញ ដែលបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ចប់ការសួរនាំហើយ។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ។
នាយការិយាល័យរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា «យើងបានបញ្ចប់ការសួរនាំជនដៃដល់ ផល ពេញ ហើយនៅមុននេះបន្ដិច ប៉ុន្ដែមិនទាន់ដឹងថាថ្ងៃណាបានបញ្ជូនជនដៃដល់ទៅខេត្តមណ្ឌលគិរីវិញទេ ដោយរង់ចាំបញ្ជារបស់ថ្នាក់លើសិន»។
នាយនគរបាលប៉ុស្តិ៍អូររលែ ផល ពេញ បានសារភាពប្រាប់សមត្ថកិច្ចហើយថា រូបគេគឺជាអ្នកបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់ ពិតប្រាកដមែន ដោយផ្តើមចេញពីការទាស់ទែងគ្នា។
សូមបញ្ជាក់ថា ជនដៃដល់ជានាយនគរបាលប៉ុស្តិ៍អូររលែរូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរី សហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចាប់ខ្លួននាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈជនដៃដល់រូបនេះ កំពុងធ្វើដំណើររត់គេចខ្លួនទៅស្រុកកំណើត ឯខេត្តព្រៃវែង។ ជនដៃដល់ត្រូវបានចាប់ខ្លួន នៅពេលកំពុងចូលហូបគុយទាវ នៅហាងឥន្ទ្រី។
គិតត្រឹមយប់មិញ មន្រ្តីយោធាការពារព្រំដែន៣នាក់ និងមន្រ្តីនគរបាលការពារព្រំដែនម្នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)ឈ្មោះ ថុល ខ្នា ដែលការបាញ់ប្រហារនេះផ្តើមចេញពីបទល្មើសព្រៃឈើ៕