អាជ្ញាធរខណ្ឌដូនពេញ ចុះទៅបិទឧបករណ៍បំពងសំឡេង របស់ក្លឹបកំសាន្ដពេលយប់ «Regeal Bar» និងឲ្យធ្វើច្បាប់អាជីវកម្មត្រឹមត្រូវឡើងវិញ ក្រោយពលរដ្ឋប្ដឹងរឿងរំខានដេកពួនមិនបាន
02-02-2018 18:38
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះទៅបិទឧបករណ៍បំពងសំឡេងទាំងស្រុង នៅក្លឹបកំសាន្ដពេលយប់ឈ្មោះ «Regeal Bar» ដែលមានម្ចាស់ជាជនជាតិកេនយ៉ា ស្ថិតនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ព្រមទាំងស្នើឲ្យម្ចាស់ក្លឹបមួយនេះ ទៅសុំច្បាប់អាជីវកម្មឡើងវិញ ឲ្យបានត្រឹមត្រូវ។
នាយករដ្ឋបាលសាលាខណ្ឌដូនពេញ លោក ចាប ឌីណា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចនេះថា ការចុះទៅបិទឧបករណ៍បំពងសំឡេងខាងលើនេះ ក្រោយពីមានប្រជាពលរដ្ឋ ដែលរស់នៅក្បែរក្លឹបកំសាន្ដ បានប្ដឹងមកសាលាខណ្ឌដូនពេញ ដោយរំខានពួកគាត់សម្រាកមិនបាន ពោលសំឡេងលឺខ្លាំងរហូតដល់ទាបភ្លឺ។
លោក ចាប ឌីណា បានបញ្ជាក់ថា «អាជ្ញាធររបស់យើង ក្រោមការបញ្ជាពីលោកអភិបាលខណ្ឌ ចុះមកសួរនាំ និងត្រួតពិនិត្យនៅទីតាំងអាជីវកម្មនេះ រហូតឈានទៅដល់បិទឧបករណ៍ បំពងសំឡេងជាស្ថាពរ, ស្នើសុំឲ្យម្ចាស់ទីតាំងធ្វើច្បាប់អាជីវកម្មឲ្យត្រឹមត្រូវ ហើយករណីមិនគោរពការអនុវត្ត និងសេចក្ដីណែនាំខាងលើនេះ រដ្ឋបាលខណ្ឌនឹងបិទអាជីវកម្មជាស្ថាពរតែម្ដង»។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្បែរក្លឹបកំសាន្ដនេះ កាលពីពេលកន្លងទៅ បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរឲ្យមានវិធានការណ៍ ព្រោះតែក្លឹបកំសាន្ដដែលមានម្ចាស់ ជាជនជាតិបរទេសរូបនេះ បានបើកសំឡេងលឺខ្លាំងរហូតដល់ទាបភ្លឺធ្វើឲ្យប៉ះពាល់ដល់សុខភាព ការរស់នៅ ការរកស៊ី ការសិក្សា និងការងារប្រចាំថ្ងៃ ជាពិសេសនោះរកដេករកពួនមិនបាននោះទេ៕