(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានថ្លែងក្រើនរំលឹកដល់មន្រ្តីនៅក្នុងខេត្តរតនគិរីថា ធ្វើជាមន្រ្តីត្រូវមានស្មារតីគិតគូរប្រយោជន៍ជាតិ និងប្រជាជនធំជាងប្រយោជន៍របស់ខ្លួន។
លោកអភិបាលខេត្តថ្លែងដូច្នេះក្នុងពិធីផ្លាស់ប្តូរនាយករដ្ឋបាលខេត្តរតនគិរីនៅរសៀលថ្ងៃសុក្រ ០២ រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោក ថង សាវុន បានណែនាំដល់នាយករដ្ឋបាលដែលទើបតែតែងតាំងថ្មី ក៏ដូចជាមន្ត្រីរាជការត្រូវយកចិត្តទុកដាក់លើកកម្ពស់របៀបរបបការងារ និងការបែងចែកភារកិច្ចដែលបានកំណត់ដោយច្បាប់ ព្រមទាំងខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ។
លោកអភិបាលខេត្តថ្លែងយ៉ាងដូច្នេះ «ក្នុងនាមជាមន្ត្រីរាជការយើងត្រូវមានស្មារតីគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ តាមរយៈការចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ទាំងសេវាសំណូមពរ និងសេវាតម្រូវការឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ជាងនេះទៀតសោតមន្ត្រីរាជការត្រូវពង្រឹងសមត្ថភាព ចំណេះដឹង និងស្វ័យសិក្សាបទពិសោធន៍ជំនាញនានាស្របទៅតាមបរិបទ និងនិន្នាការសកលភាវូបនីយកម្ម»។
សូមបញ្ជាក់ថា លោក នាង សំអាត ត្រូវបានតែងតែជានាយករដ្ឋបាលថ្មីនៃសាលាខេត្តរតនគិរី ខណៈលោក សេក ហៃ ដែលជានាយករដ្ឋបាលចាស់ ត្រូវបានតែងតាំងជាអភិបាលស្រុកកូនមុំវិញ៕