(សៀមរាប)៖ លោក ហ៊ុន​ ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា កម្លាំងយោធាត្រូវបានគេអូសទាញឲ្យចូលរួមប្រឆាំងជាមួយ រាជរដ្ឋាភិបាល​ស្របច្បាប់ ដោយសន្យាផ្តល់ប្រាក់ខែខ្ពស់ តែសកម្មភាពទាំងនេះត្រូវបរាជ័យទាំងស្រុង ដោយសារកងទ័ពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីបញ្ជាការកងវរសេនាតូច លេខ១ នៃតំបន់ប្រតិបត្តិការសឹករងសៀមរាប ដែលស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោក ហ៊ុន ម៉ាណែត បានបន្តថា «កន្លងទៅមានការអូសទាញកងកម្លាំងឲ្យចូលរួមក្នុ្ងងចលនាប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការសន្យាឲ្យប្រាក់ខែច្រើន តែមិនបានជោគជ័យ ដោយសារតែកងទ័ពជឿជាក់លើរដ្ឋាភិបាល បានយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងផលវិបាកនៃសង្គ្រាម ដូចនេះហើយយោធាការពាដាចខាត់ចំពោះអំពើទាំងឡាយណា ដែលនាំឲ្យមានបដិវត្តពណ៌ ដែលនាំឲ្យប្រទេសធ្លាក់ក្នុង សង្គា្រម និងវិនាសកម្ម។ ការបង្កើតសម្ព័ន្ធមេត្រីភាព គឺបានផ្តល់ឱកាសឲ្យស្ថាប័នឯកជនបានចូលរួមក្នុងកិច្ចការពារជាតិការពារបូរណភាពទឹកដី តាមរយៈការឧបត្ថម្ភ គាំទ្រផ្សេងៗ ដូចពាក្យស្លោកមួយបានលើកឡើងថារួមគ្នាដើមការពារជាតិដើម្បីទាំងអស់គ្នាតែបក្សប្រឆាំងតែងតែជំទាស់ និងចោទប្រកាន់ថាយោធា បម្រើតែរដ្ឋាភិបាល និងបម្រើបក្សប្រជាជន»

លោកក៏សូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះនាយទាហាន ពលទាហាន នៃកងវរសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងសៀមរាប ទាំងអស់ដែលបានបំពេញតួនាទីភារកិច្ច របស់ខ្លួនក្នុងរយៈពេល៤០ឆ្នាំកន្លងមក និងបានចូលរួមក្នុកិច្ចការពារបូរណភាពទឹកដី បានចុះការពារនៅតំបន់៤.៦ ដែលធ្លាប់មានជម្លោះជាមួយប្រទេសថៃ និងបានលះបងគ្រប់បែបយ៉ាងក្នុងបុព្វហេតុ ការពារជាតិជាច្រើន។

លោក ហ៊ុន ម៉ាណែត បានបន្តយ៉ាងដូច្នេះថា កងទ័ពបានដើរតួយ៉ាងសំខាន់ ក្នុងកិច្ចស្វែងរកសន្តិភាពជូនប្រជាជនសម្តេចតេជោ ក៏ជាយោធា លោកបានលះបង់គ្រប់បែបយ៉ាងរហូតពិការបាត់បង់ ភ្នែកម្ខាង។ គ្មានបរទេសណាស្រឡាញ់ខ្មែរ ជាងខ្មែរគ្នាឯងនោះទេកុំជឿថា អាមេរិកមកជួយខ្មែរ អាមេរិកធ្លាប់បានផ្តល់អាវុធឲ្យខ្មែរ ធ្វើសង្គ្រាមសម្លាប់ខ្មែរ ដែលមកដល់ពេលនេះ អាមេរិកនៅតែទាមទាបំណុលដែលរបប លន់ ណុល បា បានខ្ចីដើម្បីទិញអាវុធ ប្រមាណជា៥០០លានដុល្លាសហរដ្ឋអាមេរិក ទាំងដឹងថាបំណុលនេះមិនបានជួយអ្វីមកដល់កម្ពុជាសោះ។

នាយទាហាន ពលទាហានទាំងអស់ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជូន និងតែងតែបានគាំទ្រជានិច្ចដល់ការដឹកនាំ របស់រាជរដ្ឋាភិបាល ការអនុវត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់ និងហ៊ានលះបង់ដាច់ខាតជូនជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងការប្តេជ្ញាការ ពាររាជរដ្ឋាភិបាលស្របច្បាប់ការពារបាននូវសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន»។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យើងមិនអាចប្រៀបធៀបប្រាក់បៀវត្សេរ៍របស់យើងទៅនឹងប្រទេសដទៃតែយើងអាចប្រៀបធ្រៀបទៅ នឹងប៉ុន្មានឆ្នាំមុន រួមទាំងគោលរបប និងការឧបត្ថម្ភផ្សេងៗ ការយកចិត្តទុកដាក់ទៅលើអតីតយុទ្ធជន និងយោធិនចូលនិវត្តន៍ ដែលប្រាក់បៀវត្ស ត្រូវបានតម្លើងទាំងអស់។ សូមអរគុណចំពោះគ្រួសារយោធិនដែលបានគាំទ្រចំពោះស្វាមីជាកងទ័ព បានផ្តល់កម្លាំងចិត្តជាពិសេសបានគាំទ្រ និងយល់ពីតម្លៃនៃការលះបង់របស់យោធិន នៃកងយោធពលខេមរភូមិន្ទ ដែលជាតួអង្គដ៏សំខាន់ក្នុងដំណើការកសាង និងថែរក្សាសន្តិភាព កិច្ចការពារបូរណៈភាពទឹកដី។

សូមបញ្ជាក់ថា សំណង់អគារវរសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងសៀមរាប ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវថ្ងៃនេះ៨ គុណ២៩ម៉ែត្រ ធ្វើអំពីថ្មប្រកក្បឿងមាន០៤បន្ទប់ និងសាលប្រជុំចំនួនមួយ ដែលចំណាយថវិការសរុបចំនួន៣២,៩៥០ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិកាសម្ព័ន្ធមេត្រីភាព ដែលមានអ្នកឧកញ៉ា សៀង ណាំ ជាប្រធានចំនួន៣០,៩៥០ និងថវិកាលោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាបចំនួន២,០០០ ដុល្លាសហរដ្ឋអាមេរិក៕