(ភ្នំពេញ)៖ កម្លាំងគយចល័ត បានបន្តបើកប្រតិបត្តិការទៀតហើយ ដោយចាប់បានឡានសេរីទំនើបៗ ចំនួន៦គ្រឿងអត់ពន្ធ នៅថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការចុះចាប់នេះដឹកនាំដោយ លោក ព្រាប ការ៉ាត់ មន្រ្តីគយចល័តក្រោមការចង្អុល បង្ហាញពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងនគរបាលនាយកដ្ឋានតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ។
មន្រ្តីគយចល័តបានបញ្ជាក់ថា រថយន្តស៊េរីទំនើបៗដែលចាប់បានរួមមាន៖ ម៉ាក Lexus, Honda, Toyota ជាដើម។
យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើបនៅតែមានចំនួនដ៏ច្រើនដដែល។ មន្រ្តីគយចល័តដដែលរូបនោះ ធ្លាប់បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ បានធ្វើឲ្យចំណូលនៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ហើយជាពិសេសនឹងធ្វើឲ្យឈ្នួញទាំងឡាយ មានភាពរអារ និងខ្លាចឈប់នាំចូល រថយន្តគេចពន្ធបន្តទៀត។
ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធកម្លាំងគយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕