(ភ្នំពេញ)៖ ក្រុមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានគាំទ្រ រដ្ឋាភិបាលកម្ពុជា រាល់ចំណាត់ការផ្លូវច្បាប់ចំពោះបក្សប្រឆាំង និងក្រុមជនអគតិប៉ុនប៉ងដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមរយៈបដិវត្តន៍ពណ៌។ នេះបើតាមការលើកឡើងរបស់ ប្រធានសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។
ការលើកឡើងនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងឱកាសដែលសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាត ឲ្យថ្នាក់ដឹកនាំសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនចំនួន២៣រូប ដឹកនាំដោយលោក អ៊ុ វុទ្ធី ឲ្យចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ថ្លែងនៅមុខសម្តេច សាយ ឈុំ នៅពេលនោះ លោក អ៊ុ វុទ្ធី ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់និស្សិតកម្ពុជា ចំពោះគោលនយោបាយ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏ឈ្លាសវៃដឹកនាំ និងគាំទ្រ រាល់ចំណាត់ការផ្លូវច្បាប់ចំពោះបក្សប្រឆាំង និងក្រុមជនអគតិប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមរយៈបដិវត្តន៍ពណ៌។
នៅក្នុងជំនួបនោះ សម្តេចប្រធានព្រឹទ្ធសភា បានរំលឹកអំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍ។ សម្តេចបានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៧០ ប្រទេសកម្ពុជា បានឆ្លងកាត់សម័យសង្គ្រាមរបបប្រល័យពូជសាសន៍ ដំណាក់កាលដែលមានសន្តិភាពផង និងសង្គ្រាមផង និងដំណាក់កាល ដែលសម្រេចបាននូវសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ដោយនយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេច សាយ ឈុំ បានបន្តថា នេះជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានជាច្រើនទស្សវត្សមកហើយ ដែលប្រទេសកម្ពុជា ទើបតែនឹងទទួលបាន នូវសន្តិភាព ពេញលេញ ហើយនេះជាឱកាសដ៏ល្អ ដែលនិស្សិតទាំងអស់ត្រូវខិតខំក្តាប់ឲ្យជាប់នូវឱកាសសម្រាប់ខ្លួនឯង គ្រួសារ ប្រជាជន និងប្រទេសជាតិ៕