(កូរ៉េ)៖ ក្នុងគោលបំណងចូលរួមលើកកម្ពស់តម្លៃ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ដូចជា ការផ្សព្វផ្សាយព្រះធម៌វិន័យ និងដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋខ្មែរ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយពុទ្ធិកសមាគមកម្ពុជរដ្ឋ និងសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ បាននិមន្ដ ព្រះសិរីកោសល សុំ សុខា អនុប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ រួមនឹងព្រះមន្រ្តី សង្ឈមួយចំនួនទៀត ដើម្បីរៀបចំកម្មវិធី អប់រំសីលធម៌ព្រះពុទ្ធសាសនា រំលឹកគុណ មាតា បិតា ក៏ដូចជា ការអប់រំផ្លូវចិត្ត គំនិត ការរៀបចំដំណើរជីវិតតាមគន្លងព្រះធម៌វិន័យ តាមរយៈព្រះធម៌វិន័យ របស់ព្រះពុទ្ធសាសនា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកូរ៉េខាងត្បូង ដែលអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។
ពិធីសាសនានេះ នឹងធ្វើឡើងនាថ្ងៃអាទិត្យ១១រោជ ខែមាឃ ឆ្នាំរកា សព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង១០:០០នាទីព្រឹកតទៅ នៅទីក្រុងស៊ូវ៉ុន នាភោជនីយដ្ឋាន «ភូមិម្ហូបខ្មែរក្រោមដី»។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព ព្រះមុនីកោសល ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឈនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគុណរាជធានីភ្នំពេញ។
អាស្រ័យដូចនេះ ស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នៅកូរ៉េទាំងអស់អញ្ជើញចូលរួមអនុមោទនាទទួលមគ្គផលឱ្យបានច្រើនកុះករ និងសូមចូលរួមផ្សព្វផ្សាយបន្ដ៕