(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៨នេះ អាជ្ញាធរខណ្ឌចំការមន នៅតែបន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅលើកំណាត់ផ្លូវសំខាន់ៗ ក្នុងខណ្ឌជាពិសេសកំណាត់ផ្លូវ៤ខ្សែ នៅជុំវិញផ្សារទួលទំពួង ដែលតែងមានបញ្ហាស្មុគស្មាញលើពីការលក់ដូររបស់អាជីវករ១ចំនួន ដូចជាផ្លូវលេខ១៥៥, ៤៤០, ៤៥០ និងផ្លូវលេខ៤៤៦ ជុំវិញផ្សារទួលទំពួងនេះតែម្តង។
លោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន បានថ្លែងថា «ក្នុងរយៈពេល១ខែកន្លងទៅនេះ រដ្ឋបាលខណ្ឌចំការមន បានអនុវត្តតាមច្បាប់ ចរាចរណ៍ផ្លូវគោក គឺខណ្ឌបានរៀបចំសណ្តាប់ធ្នាប់បានផ្លូវចំនួន៤ខ្សែ និងកាត់សំយ៉ាប់ផ្ទះចំនួន៦០ ក្នុងចំណោមសំយ៉ាបផ្ទះចំនួន៦៣ ដែលបានសង់លយ មកលើចឹញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ»។
លោក ព្រំ សំខាន់ បានបន្តថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះ គឺតាមការដាក់បញ្ជាពីអភិបាលរាជធានីភ្នំពេញ នៅខណ្ឌចំនួន៤កណ្តាលក្រុង ក្នុងនោះមានខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌដូនពេញ។ លោកបន្តថា ចំពោះកំណាត់ផ្លូវដែលខណ្ឌចមការមន ត្រូវរៀបចំសណ្តាប់ធ្នាប់ ក្នុងចំណោមផ្លូវទាំង១១ខែ្ស នោះគឺមានកំណាត់ផ្លូវ ផ្លូវព្រះនរោត្តម, ព្រះសីហនុ, ព្រះមុន្នីវង្ស, ម៉ៅស៊ិងទុង, មុន្នីរ៉េត និងផ្លូវ២៧១។
លោក ព្រំ សំខាន់ បានបញ្ជាក់ថា ក្នុងខណ្ឌចំការមន មានផ្លូវអាទិភាពចំនួន៦ខ្សែ ក្នុងចំណោមផ្លូវទាំង១១ខ្សែ ក្នុងរាជធានីភ្នំពេញ ដែលត្រូវរៀបចំសណ្តាប់ធ្នាប់បានល្អប្រសើរ ក្នុងនោះមានមហាវិថីព្រះនរោត្តម, វិថីព្រះសីហនុ,មហាវិថីព្រះមុនីវង្ស, មហាវិថីម៉ៅសេទុង, វិថីព្រះមុនីរ៉េត និងផ្លូវលេខ២៧១។ តែមកដល់ពេលនេះផ្លូវ៥ខ្សែ បានរៀបចំរួចហើយនៅសល់ផ្លូវ២៧១ ដែលកំពុងដំណើរការរៀបចំបន្ត។
ចំពោះបញ្ហាខាងលើនេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព បានថ្លែងថា «រដ្ឋបាលសាលារាជធានីភ្នំពេញ នឹងចាត់វិធានការក្តៅ ចំពោះម្ចាស់លំនៅដ្ឋានរស់ស្របតាមផ្លូវសំខាន់ៗ ដែលរំលោភចិញ្ចើមផ្លូវ យកមកតាំងលក់ទំនិញផ្ទាល់ខ្លួន ឬធ្វើចំណតផ្ទាល់ខ្លួន នឹងមានវិធានការក្តៅដើម្បីឲ្យពួកទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើងឡើងវិញ»៕