(ព្រះសីហនុ)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ និងវត្ថុតាងមួយចំនួនធំ។
ការចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ឯក តាក រៀម អធិការរងនៃអធិការក្រុងព្រះសីហនុ ស្ថិតនៅក្រុម១៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
បើតាមមន្ដ្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ រួមមាន ទី១៖ ឈ្មោះ ពេជ្រ ទី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ និងទី២៖ ឈ្មោះ សំ ម៉ៃ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។
មន្ដ្រីនគរបាលខេត្ត បានបន្ដទៀតថា ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍សថ្លា ០២ កញ្ចប់, ថ្នាំគ្រវី ០១ គ្រាប់, ទូរស័ព្ទ០២គ្រឿង, លុយ ៥០ម៉ឺនរៀល និង៣៦៦ដុល្លារ,ម៉ូតូ០១ គ្រឿង និងវត្ថុតាមមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើនេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕