(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលមានលោកទេសរដ្ឋមន្រ្តី អៀង មូលី ជាប្រធាន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលស្រោមអនាម័យចំនួន ៦៤៨.០០០ស្រោម មានតម្លៃស្មើ ១០៣.៦៨០ ដុល្លារអាមេរិក ពីលោក ពិន ឈិន ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ដើម្បីឆ្លើយតបនឹងមេរោគអេដស៍ឈាន ឆ្ពោះទៅការបញ្ឈប់ការឆ្លងរីករាលដាល មេរោគអេដស៍/ជំងឺអេដស៍ នៅឆ្នាំ២០២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នេះ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក ពិន ឈិន ដែលបានឧបត្ថម្ភជាស្រោមអនាម័យ ដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាការរួមចំណែកដ៏ថ្លៃថ្លា ក្នុងការបង្ការ និងការប្រយុទ្ធទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ រំឭកអំពីសារៈសំខាន់ នៃការដាក់ឲ្យអនុវត្តវិធានការ ក្នុងការប្រើប្រាស់ស្រោមអនាម័យ១០០% ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ១៩៩៩ តាមលិខិតជូនដំណឹងលេខ ៦៦សជណ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការកាត់បន្ថយការចម្លងមេរោគអេដស៍ និងជាចំណុចគន្លឹះ នៃជោគជ័យក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាល មេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា។
សូមបញ្ជាក់ថា សព្វថ្ងៃ បើទោះបីជាកម្ពុជា បានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងកំពុងផ្តល់សេវាព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ ហើយអ្នកដែលបានឆ្លងមេរោគអេដស៍ មួយចំនួនធំអាចបន្តរស់រាន និងមានសុខភាពប្រក្រតីក្តី ក៏ករណីឆ្លងថ្មីនៅតែបន្តកើតមាន។ ដូច្នេះជម្រើសដែលល្អបំផុតគឺ ការបង្ការការចម្លងមេរោគអេដស៍ តាមរយៈការបន្តនូវការវិធានការ ជំរុញការប្រើប្រាស់ស្រោមអនាម័យឲ្យបាន១០០% ដែលជាវិធានការដ៏មានប្រសិទ្ធភាពបំផុត។
នៅទីបញ្ចប់លោកទេសរដ្ឋមន្រ្តី បានជូនពរលោក ពិន ឈិន និងសហការី ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕