(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចង្កើតគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីធ្វើឲ្យការទទួលភារៈជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះអាចទទួលបានជោគជ័យ។
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ហៅកាត់ថា គ.ជ.ប.អ នេះ មានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន, ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាអនុប្រធានអចិន្ត្រៃយ៍។
អនុក្រឹត្យស្តីពីការរៀបចំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ បានគូសបញ្ជាក់ថា គណៈកម្មាធិការនេះ មានភារកិច្ចដឹកនាំ គ្រប់គ្រង និងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣, តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការមេ និងផែនការសកម្មភាពតាមដំណាក់កាលរបស់គណៈកម្មការនីមួយៗ, សហការរៀបចំការប្រកួតកីឡាជាតិរៀងរាល់ឆ្នាំម្តងជាមួយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ។ គណៈកម្មាធិការនេះ ក៏មានភារកិច្ចទទួលខុសត្រូវរៀបចំយុទ្ធសាស្រ្ត យុទ្ធវិធីក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ឲ្យមានសង្គតិភាពទៅនឹងស្តង់ដាសម្បទាកីឡាអន្តរជាតិ សមត្ថភាព គុណផលកីឡាកម្រិតខ្ពស់ ដើម្បីធានាឧត្តមភាពជាតិក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួត រួមនិងតួនាទីជាច្រើនផ្សេងទៀត។
សូមបញ្ជាក់ថា កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះដំបូងនៃការប្រកួតកីឡាស៊ីហ្គេមនេះនៅឆ្នាំ១៩៥៨ ហើយនៅឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គែមលើកទី៣២ ដោយគ្រោងចំណាយថវិកាប្រមាណ ៤០លានដុល្លារអាមេរិក។
កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជានឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្ដមួយចំនួន ដូចជាខេត្ដកំពត កែប តាកែវ សៀមរាប បាត់ដំបងនិងកំពង់ចាម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដែលរំពឹងថា នឹងមានអ្នកចូលរួមសរុបប្រមាណ១ម៉ឺននាក់ ក្នុងនោះមានកីឡាករប្រមាណ៧០០០នាក់ រួមជាមួយមន្ដ្រីប្រតិភូអម ភ្ញៀវអង្គការកីឡានិងភ្ញៀវឥស្សរជនជាន់ខ្ពស់ ដូចជាក្រុមគ្រួសារចលនាអូឡាំពិក ប្រតិភូគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី សហព័ន្ធកីឡាអន្ដរជាតិ ក្រុមប្រឹក្សាស៊ីហ្គេមនិងអង្គការកីឡាអន្ដរជាតិដទៃទៀតប្រមាណ ៣០០០នាក់៕