(កំពង់ចាម)៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក សុក ផេង រដ្ឋលេខាធិការ ទីស្តីកាគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកចំការលើ ប្រធានក្រុមការងារចុះជួយឃុំស្វាយទាប និងជាតំណាង លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះសីមា និងឆ្លងសមិទ្ធផលនានាក្នុងវត្តមុនីឧត្តម ហៅវត្តចាស់ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
លោក សុក ផេង បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បម្រើលើវិស័យពិទ្ធសាសនានៅលើទឹកដីឃុំស្វាយទាប ស្រុកចំការលើ ដោយកត្តាសុខសន្តិភាពនេះហើយ ទើបប្រទេសជាតិមានការីកចំរើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយទីវត្តអារ៉ាម គឺទីកន្លែងអប់រំក្រមសីលធម៌ ដ៏ប្រពៃតាមបែបពុទ្ធចក្រ លើសពីនេះទៅទៀត ព្រះពុទ្ធសាសនានេះហើយ គឺជាអ្នកថែរក្សាអក្សរសាស្ត្រខ្មែរឲ្យបាន គង់វង្សដល់សព្វថ្ងៃ។
លោកបានបញ្ជាក់ថា «ដូចយើងបានឃើញស្រាប់ហើយនៃប្រវត្តិសាស្ត្រ ដែលប្រទេសយើងស្ថិតនៅក្រោមអនានិគមនិយមបារាំងអស់រយៈពេល៩០ឆ្នាំ (១៨៦៣-១៩៥៣) ដែលបារាំងព្យាយាមសាបព្រោះ អក្សរបារាំង និងលុបបំបាត់អក្សរខ្មែរ និងព្រះពុទ្ធសាសនាផងនោះ ការលបលួចរៀនអក្សរខ្មែរគឺត្រូវមានទោស រីឯនៅសម័យប្រល័យពូជសាសន៍ ដែលយើងហៅថា សម័យប៉ុលពតវិញ អក្សរសាស្រ្តខ្មែរយើងស្ទើរតែបាត់ទាំងស្រុងទៅហើយ ព្រោះត្រូវបង្ខំឲ្យធ្វើការ និងបំបិទសិទ្ធិសេរីភាព»។
លោកបន្ថែមថា ការដើរទន្ទឹមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពិតជាមានសារសំខាន់ណាស់ ដូច្នេះការរួមសាមគ្គីគ្នារបស់ពុទ្ធបរិស័ទ គឺជាការចូលរួមចំណែកជួយជ្រោមជ្រែង អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យគង់វង្សជាដ៏រាប។ ភាពរីកចម្រើអភិវឌ្ឍន៍លើគ្រប់វិស័យទៅបាន ដោយសារមានសុខសន្តិភាពក្រោមការដឹកនាំរបស់ប្រមុខ រដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋ។
ចុងក្រោយលោកក៏បានអញ្ជើញកាត់ខ្សែបូ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងបានឧបត្ថម្ភសម្រាប់ការកសាងពិធីការនូវទឹកប្រាក់ ១៦,១០៥,០០០រៀល យាយជីតាជី៣០នាក់ ទទួលបានក្រណាត់សមួយដុំ និងថវិកា៥,០០០រៀល សិស្ស៦០នាក់ទទួលបានថវិកា ៥,០០០រៀល។
សូមបញ្ជាក់ថាលោក តឹង យ៉ាត មេឃុំស្វាយទាប បានធ្វើរបាយការណ៍សង្ខេបពីអំពីការសាងសង់ព្រះវិហារ និងការកសាងសមិទ្ធផលផ្សេងៗទៀត ដែលចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០០៣ រហូតមកដល់ឆ្នាំ២០១៧ ទើបរួចរាល់ ដោយចំណាយទឹកប្រាក់ ២៧០,៣០០ដុល្លារអាមេរិក ជាថវិការបស់សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្ត៕