(ភ្នំពេញ)៖ ជនដៃដល់ដែលជានាយនគរបាលប៉ុស្តិ៍អូររលែ ផល ពេញ ដែលបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានបញ្ជូនទៅដល់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំមុនបញ្ជូនទៅខេត្តមណ្ឌលគិរីវិញ។
នៅពេលនេះ ជនដៃដល់រូបនេះ បាននិងកំពុងធ្វើការសួរនាំ ពីលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីរកមូលហេតុពិត ដែលនាំឲ្យមានការបាញ់ប្រហារទៅលើជនរងគ្រោះទាំង៣នាក់។
សូមជម្រាបថា នាយនគរបាលប៉ុស្តិ៍អូររលែ ផល ពេញ បានសារភាពប្រាប់សមត្ថកិច្ចហើយថា រូបគេគឺជាអ្នកបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់ ពិតប្រាកដមែន ដោយផ្តើមចេញពីការទាស់ទែងគ្នា។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ ខេត្តមណ្ឌលគីរី ដែលបានសួរចម្លើយជនដៃដល់ បន្ទាប់ពីចាប់ខ្លួននៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិចថា «ជននេះបានសារភាពហើយ គឺជាអ្នកបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់មែន ដោយគាត់ថា មកពីមានគំនុំ និងឈ្លោះជាមួយគ្នា»។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ មិនអាចបញ្ជាក់ឲ្យលម្អិត ចំពោះដំណើររឿងពាក់ព័ន្ធការទាស់ទែងគ្នានោះឡើយ។
យ៉ាងណាក៏ដោយ តាមសេចក្តីរាយការណ៍ និងព័ត៌មាន ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបានរហូតមកដល់ពេលនេះ គឺជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។
សូមបញ្ជាក់ថា ជនដៃដល់ជានាយនគរបាលប៉ុស្តិ៍អូររលែរូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរី សហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចាប់ខ្លួននាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈជនដៃដល់រូបនេះ កំពុងធ្វើដំណើររត់គេចខ្លួនទៅស្រុកកំណើត ឯខេត្តព្រៃវែង។ ជនដៃដល់ត្រូវបានចាប់ខ្លួន នៅពេលកំពុងចូលហូបគុយទាវ នៅហាងឥន្ទ្រី។
គិតត្រឹមយប់មិញ មន្រ្តីយោធាការពារព្រំដែន៣នាក់ និងមន្រ្តីនគរបាលការពារព្រំដែនម្នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)ឈ្មោះ ថុល ខ្នា ដែលការបាញ់ប្រហារនេះផ្តើមចេញពីបទល្មើសព្រៃឈើ៕