(កំពង់ស្ពឺ)៖ សមយុទ្ធយោធានាគមាស ឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងប្រព្រឹត្តធ្វើឡើងនៅពាក់កណ្តាលខែមីនា ខាងមុខនេះ ដោយមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅតំបន់យោធភូមិភាគទី៣ ជួរភ្នំម្រះព្រៅ ដែលជាទីតាំងរបស់ កងពលលេខ៧០ នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា សមយុទ្ធយោធានាគមាស ឆ្នាំ២០១៨នេះ មានប្រធានបទចំនួនពីរ គឺប្រឆាំងភេរវកម្ម និងមនុស្សធម៌ ជាយុទ្ធសាស្ត្រដែលភាគីកម្ពុជា និងភាគីចិន បានឯកភាពគ្នារួចហើយ។ មិនតែប៉ុណ្ណោះសមយុទ្ធយោធានេះ នឹងផ្តល់បទពិសោធន៍ល្អៗ ឲ្យគ្នាទៅវិញទៅមក រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនផងដែរ។
នាយឧត្តមសេនីយ៍បានបន្តថា កន្លងមកប្រទេសកម្ពុជា បានទទួលយកបទពិសោធន៍ល្អពីប្រទេសជាមិត្តតាមរយៈ ការធ្វើសមយុទ្ធយោធា ទៅលើផ្នែកប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌។ ទោះបីបច្ចុប្បន្ននេះកម្ពុជា គ្មានអំពើភេរវកម្មកើតមានឡើងក្តី ក៏ប៉ុន្តែយើងត្រូវតែខិតខំសិក្សារៀនសូត្របន្ថែម នូវបទបទពិសោធន៍នានា ក្នុងដំណើរការប្រឆាំងអំពើភេរវកម្មពីបណ្តាប្រទេសនានាជាមិត្ត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សមយុទ្ធយោធានេះ នឹងប្រើប្រាស់សព្វាវុធទំនើបៗដូចជា៖ យន្តហោះ Z9 បំពាក់កាំជ្រូចបាញ់ចំគោលដៅ, កាំភ្លើងត្បាល់ចូលគោលដៅដែលបានកំណត់, ប្រើប្រាស់រថពាសដែកថ្មើរជើង, ប្រើប្រាស់យន្តហោះចុះពីលើអាកាសដើម្បីរំដោះចំណាត់ខ្មាំងផងដែរ។
សូមបញ្ជាក់ថា សមយុទ្ធយោធានាគមាស ឆ្នាំ២០១៨នេះ ភាគីកម្ពុជាមានចំនួន២៨០នាក់ ចំណែកភាគីចិន មានចំនួន១៩០នាក់។ សមយុទ្ឋនេះ ក៏ធ្វើឡើងដើម្បីអប់អរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត នៃប្រទេសទាំងពីរផងដែរ៕