(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី០២ ខែកម្ភៈ ឆ្នាំ២០១៨ បានរៀបចំកម្មវិធីបរិច្ឆាគឈាមជាលើកទី៤ ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់នោះ។
លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិការប្រតិបត្តិការ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងក្នុងពិធីបរិច្ឆាគឈាមឲ្យដឹងថា នេះជាលើកទី៤ហើយ ដែលធនាគារអេស៊ីលីដា បានរៀបចំពិធីបរិច្ឆាគឈាម ដែលដែលលើកទី១ ចាប់ផ្តើមតាំងពីឆ្នាំ២០១២ ហើយសម្រាប់ឆ្នាំ២០១៨នេះ មានបុគ្គលិកអេស៊ីលីដាចូលរួមបរិច្ចាកឈាមចំនួន២១១នាក់ ដែលមកពីការិយាល័យកណ្តាលនិងសាខានៅក្នុងរាជធានីភ្នំពេញ។
លោកស្រីបណ្ឌិតបានបន្តថា «ការបរិច្ឆាគឈាមនេះគឺយើងធ្វើទៅតាមទឹកចិត្តព្រោះថាឈាមយើងមិនអាច ផលិតនៅក្នុងរោងចក្រ បានឡើយ ក្រៅតែពីយកពីក្នុងខ្លួនមនុស្សហើយសកម្មភាពចេញពីទឹកចិត្តរបស់បុគ្គលិកអេស៊ីលីដា គឺដើម្បីបិច្ចាកជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរក្សាក្នុងស្តុកឈាម សម្រាប់ប្រើប្រាស់ជួយដល់ជនរងគ្រោះ»។
លោកស្រីបណ្ឌិតបានបន្ថែមទៀតថា សកម្មភាពផ្តល់ឈាមនេះ ជាសកម្មភាពសង្គមដ៏ធំធេង និងជាសារបង្ហាញទៅពលរដ្ឋទូទាំងប្រទេស ឲ្យចូលរួមសកម្មភាពផ្តល់ឈាម ដោយស្ម័គ្រចិត្តកាន់តែទូលំទូលាយថែមទៀត ដើម្បីជួយដល់សង្គម សម្រាប់ជួយដល់ជនរងគ្រោះ ដែលត្រូវការរឈាមជាបន្ទាន់ ហើយការលះបង់ឈាមស្រស់នេះ គឺបានជួយជសកម្មភាពជាច្រើននៅក្នុងប្រទេស ។លោកស្រីបានសន្យាថានឹងរៀបចំកម្មវិធីបរិច្ឆាគឈាមនេះជាបន្តបន្ទាប់ទៀត។
ចំណែកលោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិឈាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបុគ្គលិកគ្រប់ផ្នែកទាំងអស់ នៃធនាគារ អេស៊ីលីដា ភីអិលស៊ីដែលតែងតែបានរៀបចំបានអនុញ្ញាតឱ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មកទទួលយកអំណោយឈាមដោយសប្បុរស ដើម្បីជួយជីវិតដល់ជនរងគ្រោះ និងសូមអរគុណចំពោះសកម្មភាពចូលរួមលើផ្នែកមនុស្សធម៌ ដើម្បីជួយជីវិតមនុស្ស ពិសេសអ្នកដែលត្រូវការឈាម នៅតាមគ្រប់មន្ទីរពេទ្យទាំងអស់ ។
លោកវេជ្ជបណ្ឌិត បានបន្តថា តម្រូវការឈាមនៅក្នុងឆ្នាំ២០១៧ កន្លងមកនេះ យើងមានប្រមាណជាង ៧ម៉ឺនប្លោកឈាម ដែលត្រូវការសម្រាប់ នៅទូទាំងប្រទេសទាំងអស់ហើយចំនួនឈាមជាង៧ម៉ឺនប្លោកនេះ មានការកើនឡើងច្រើនជាងឆ្នាំ២០១៦ ប្រមាណ១៧ភាគរយ។
លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា «សម្រាប់ឆ្នាំ២០១៨-២០២០តទៅមុខ យើងកំណត់បានថាអាត្រា នៃកំណើនសេចក្តីត្រូវការឈាម មានប្រមាណ២០% ជារៀងរាល់ឆ្នាំហើយបច្ចុប្បន្ននេះ យើងមានអំណោយឈាមដោយស្ម័គ្រចិត្ត នៅក្នុងរង្វង់៣០ភាគរយ ដូច្នេះបេសកកម្មដ៏សំខាន់របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័នរដ្ឋ និងឯកជន និងវិស័យនានាជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាបង្កើនទំហំនៃអ្នកស្ម័គ្រចិត្តផ្ដល់ឈាម ដោយស្ម័គ្រចិត្តបានច្រើនដែរ»។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា «នៅក្នុងកាលៈទេសៈនេះ យើងមិនទាន់មានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមច្រើននោះទេ ហើយនៅមិនទាន់អាចឆ្លើយតបទៅអ្វី ដែលជាសេចក្តីត្រូវការឈាមរបស់អ្នកជំងឺដែរ ពោលគឺមានបងប្អូនអ្នកជំងឺប្រមាណជា៧០ភាគរយ ដែលត្រូវជួយបរិច្ចាគឈាម គ្រប់ពេលនៅពេលដែលត្រូវការ ។ ដូច្នេះនេះគឺជាការលំបាករបស់បងប្អូនយើង ក៏ដូចជាមជ្ឈមណ្ឌលផ្ដល់ឈាម និងគ្រប់មន្ទីរពេទ្យទាំងអស់ ។ដូច្នេះហើយ បានជាយើងចាំបាច់ត្រូវមានការអំពាវនាវ ឲ្យមានការខិតខំចូលរួមចូលរួមទាំងអស់គ្នា របស់សាធារណៈជនជាផលប្រយោជន៍របស់យើងទាំងអស់គ្នា»។
ក្នុងផែនការឆ្នាំ២០១៨នេះបើតាមលោកវេជ្ជបណ្ឌិត ហុក គឹមចេង មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានផែនការរបស់ខ្លួនក្នុងការបង្កើនចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមដោយធ្វើកិច្ចសហការជាមួយសហភាពសព័ន្ធយុវជនកម្ពុជា តាមរយៈក្លឹបនៃក្តីស្រឡាញ់ ដែលតាមរយៈនៃក្លឹបនៃក្តីស្រលាញ់នេះជាមួយគ្នានេះដែរ ។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា«យើងបានបង្កើតឲ្យមានព្រឹត្តិការណ៍ផ្សេងៗ ក្នុងកាលបរិច្ឆេទចុះទៅទទួលអំណោយឈាម ពេញមួយឆ្នាំ នៅតាមអង្គភាពនានា ពិសេសតាមសហភាពសហព័ន្ធយុវជនកម្ពុជាមួយក្នុងខេត្តកណ្ដាលដែលជាគំរូមួយដ៏ល្អ នៅគ្រប់ស្រុកទាំង១១ របស់ខេត្តកណ្ដាល បានរៀបចំពិធីបរិច្ចាគឈាមជារៀងរាល់ខែ នៅក្នុងឆ្នាំនេះ។ដោយសង្ឃឹមថា នៅខណ្ឌទាំង១២ របស់រាជធានីភ្នំពេញ ដូចជានៅតាមគ្រប់ស្ថាប័នអង្គភាព នឹងចូលរួមជាមួយ មជ្ឈមណ្ឌល់ជាតិផ្តល់ឈាម ក្នុងការផ្តល់កាលបរិច្ឆេទដើម្បីចុះទៅទទួលអំណោយឈាម ឲ្យបានពេញមួយឆ្នាំ ព្រោះថា ឈាមរបស់យើង អាចថែរក្សាទុក បានត្រឹមតែពេល៣៥ ទៅ៤២ថ្ងៃតែប៉ុណ្ណោះ។ដូច្នេះបើមានកាលបរិច្ឆេទផ្ដល់ឈាម ជាបន្តបន្ទាប់ ធ្វើឲ្យឈាមរបស់យើង មាននៅក្នុងស្តុកគ្រប់គ្រាន់ ដើម្បីប្រើប្រាស់មិនមានការខ្វះខាត ដើម្បីបំពេញតម្រូវការរបស់អ្នកជំងឺ»។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគាំទ្រមជ្ឈមណ្ឌល នៅក្នុងសកម្មភាពប្រមូលឈាមសប្បុរស ពីបណ្ដាគ្រឹះស្ថានរដ្ឋ និងឯកជននានា ក៏ដូចជាអំពានាវដល់សាធារណជនគ្រប់មជ្ឈដ្ឋានចូលរួម បរិច្ចាកឈាមដោយស្ម័គ្រចិត្ត៕