(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ ក្រុមការងារទប់ស្ដាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) ប្រចាំឆ្នាំ២០១៧ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ កម្ពុជា មានកម្មករប្រមាណ ១៦០៣នាក់ បានដួលសន្លប់ ដែលក្នុងនោះភាគច្រើនបំផុត គឺជាស្ដ្រី។
របាយការណ៍នេះ បានបង្ហាញនៅក្នុងពិធីបូកសរុបលទ្ធផលការងារ សម្រេចបានឆ្នាំ២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨ របស់ក្រុមការងារ ទ.ស.ប.ក ដែលរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក បេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
របាយការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ មានករណីកម្មករសន្លប់ចំនួន២២រោងចក្រ ស្មើនឹងចំនួន ១,៦០៣នាក់ ក្នុងនោះ កម្មារិនី ចំនួន ១,៥៩៩នាក់»។
របាយការណ៍ បានបន្ថែមទៀតថា ក្នុងនោះដែរ ក្រុមការងារ ទ.ស.ប.ក ក៏បានចុះផ្សព្វផ្សាយអប់រំ ដល់កម្មករ-កម្មការិនី ចំនួន៨៨រោងចក្រ ស្មើនឹង ៧,២៩៦នាក់ ជូនដល់សហជីព ប្រតិភូបុគ្គលិក ប្រធានក្រុម/ផ្នែក ដែលជាគន្លឹះដ៏សំខាន់សម្រាប់ ផ្សព្វផ្សាយបន្តដល់កម្មករ-កម្មការិនី។
ឆ្លៀតក្នុងឱកាសនេះ លោក អ៊ុក សមវិទ្យា បានអំពាវនាវ និងផ្តាំផ្ញើ ចំនួន១១ចំណុច រួមមាន៖
១៖ ត្រួតពិនិត្យ និងថែទាំជាប្រចាំ នូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់១ម៉ោង មុនពេលកម្មករចូលធ្វើការ
២៖ ត្រូវធានាឲ្យបាននូវការគ្រប់គ្រង ការសាយភាយក្លិនគីមី ទាំងក្នុង និងក្រៅបរិវេណអគាររោងចក្រ
៣៖ ត្រូវរៀបចំសម្ភារ ឲ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព កុំឲ្យបាំងប្រភពខ្យល់ចេញចូល
៤៖ ត្រូវដាក់ឲ្យមានឧបករណ៍វាស់ស្ទង់កំដៅ (សីតុណ្ហមាត្រ) នៅកន្លែងធ្វើការ
៥៖ ត្រូវត្រួតពិនិត្យ និងថែទាំជាប្រចាំ នូវប្រព័ន្ធបង្ការអគ្គិភ័យ និងសម្ភារការពាររួម
៦៖ ត្រូវរៀបចំឲ្យមានគិលានដ្ឋាន និងមធ្យោបាយសង្គ្រោះបន្ទាន់ ប្រចាំសហគ្រាសគ្រឹះស្ថាន
៧៖ ត្រូវផ្តល់ទឹកស្អាត សម្រាប់បរិភោគឲ្យបានគ្រប់គ្រាន់ដល់កម្មករនិយោជិត
៨៖ ត្រូវអប់រំកម្មករ ពីរបៀបជម្លៀសខ្លួន និងសញ្ញាការសុវត្ថិភាព នៅតាមបុស្តិ៍ការងារ
៩៖ រក្សាទុកសារធាតុងាយឆេះ នៅដាច់ដោយឡែកឆ្ងាយ ពីអគារផលិតកម្ម និងមានប្រព័ន្ធការពារត្រឹមត្រូវ
១០៖ ត្រូវមានប្រព័ន្ធឡចំហាយ ទៅតាមបទដ្ឋានបច្ចេកទេស និងសុវត្ថិភាព និងលិខិតអនុញ្ញាតពីក្រសួងស្ថាប័នជំនាញ
១១៖ អ្នកទទួលខុសត្រូវឡចំហាយ ត្រូវទទួលការបណ្តុះបណ្តាលឲ្យបានត្រឹមត្រូវ។
យ៉ាងនេះក្តី លោកប្រតិភូរាជរដ្ឋាភិបាល ក៏បានសំណូមពរ ដល់កម្មករនិយោជិតទាំងអស់ ឲ្យចេះថែរក្សាសុខភាព បរិភោគអាហារ មានជីវជាតិ អនាម័យ និងសម្រាក ឲ្យបានគ្រប់គ្រាន់ ដើម្បីជៀសវាង មានករណីសន្លប់កើតមានឡើង៕