(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរៀបចំអាសនៈព្រះសង្ឃគង់ឲ្យបានខ្ពស់ជាងគេនៅគ្រប់កម្មវិធីទាំងអស់ ដែលមានព្រះសង្ឃនិមន្តចូលរួម។ ការណែនាំរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃនៅថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លទ្ធផលរបស់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលចេញផ្សាយនៅរសៀលថ្ងៃដដែលនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចនៅគ្រប់ពិធីទាំងអស់ដែលមានព្រះសង្ឃនិមន្តចូលរួមត្រូវរៀបចំអាសនៈសម្រាប់ព្រះសង្ឃបានគង់នៅខ្ពស់ជាងឧបាសក ឧបាសិកា ឬគ្រហស្ថធម្មតា ហើយក្រសួងធម្មការ និងសាសនា ត្រូវធ្វើការណែនាំការងារនេះឲ្យបានជ្រូត ជ្រាប ទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់»

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ដែរថា ការសម្រេចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលបែបនេះ ដើម្បីលើកតម្កើងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»