(ភ្នំពេញ)៖ គណៈប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី០៤ ដល់ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
គណៈប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមកទស្សនកិច្ចនៅកម្ពុជានេះ ដឹកនាំដោយ លោក ស៊ីណាយ មៀងឡាវ៉ាន់ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយ អមដំណើរដោយសមាជិកគណៈប្រតិភូចំនួន ៦រូបទៀត។ ពួកគាត់ នឹងជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ គ្រោងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ច្រកចេញចូលតែមួយនៃសាលាខណ្ឌចំការមន និងស្ថាប័នរដ្ឋមួយចំនួនទៀត។
សូមរំលឹកថា នេះជាទស្សនកិច្ចលើកទី២ របស់គណៈប្រតិភូឡាវ មកកម្ពុជា បន្ទាប់ពី ACU បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រយុទ្ធប្រឆាំង អំពើពុករលួយ ជាមួយអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ នៅក្រុងវៀងចន្ទ កាលពីឆ្នាំ២០១៣៕