(ប៉េកាំង, ចិន)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានស្នើឲ្យភាគីចិន ជួយទិញកសិផលពីកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។ សំណូមពរនេះ ត្រូវបានលើកឡើងក្នុងជំនួបជាមួយលោក Zhong Shan រដ្ឋមន្ត្រីពាណិជ្ជកម្មចិន នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងប៉េកាំង ប្រទេសចិន។
លោក ប៉ាន សូរស័ក្ដិ បានជម្រាបលោក Zhong Shan ថា ក្រៅពីអង្ករដែលទទួលបានកូតានាំចូលប្រទេសចិន ៣០ម៉ឺនតោនក្នុងឆ្នាំ២០១៨នេះ កម្ពុជាមានកសិផលជាច្រើនទៀត ដូចជា ដំឡូងមី ពោត ចេក មៀន ស្វាយ ស្វាយចន្ទី កៅស៊ូ។ល។ ដែលកំពុងសំឡឹងមើលទីផ្សារប្រទេសចិន សម្រាប់ធ្វើការនាំចេញ។ ចំពោះម៉្សៅដំឡូងមី ដែលកំពុងនាំចូលទីផ្សារ ប្រទេសចិន លោករដ្ឋមន្រ្តី បានស្នើឲ្យភាគីចិន ជួយសម្រួលយ៉ាងណា ដើម្បីឲ្យកម្ពុជា អាចនាំចូលទីផ្សារចិនបានកាន់តែច្រើន។
លោក Zhong Shan រដ្ឋមន្ត្រីពាណិជ្ជកម្មចិន បានថ្លែងថា ក្នុងនាមជាបងប្អូននឹងកម្ពុជា លោកនឹងសម្របសម្រួលជាមួយផ្នែកពាក់ព័ន្ធ ពិសេសអាជ្ញាធរ AQSIQ ដើម្បីបង្កើនការនាំចូលកសិផលពីកម្ពុជាមកកាន់ទីផ្សារប្រទេសចិន។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ក៏បានជម្រាបភាគីចិនផងដែរថា កម្ពុជានឹងជំរុញសកម្មភាពពាណិជ្ជកម្មឲ្យកាន់តែផុលផុសថែមទៀត តាមរយៈការតាំងពិព័រណ៍ពាណិជ្ជកម្ម ការរៀបចំវេទិកា និងជំនួបពាណិជ្ជកម្មនានា ព្រមទាំងការដោះដូរព័ត៌មានពាណិជ្ជកម្មជាមួយភាគីចិន។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យស្តង់ដារម្ហូបអាហារ, e-Commerce និង ITC ភាគីទាំងពីរបានឯកភាពឲ្យមន្រ្តីជំនាញធ្វើការលម្អិតជាមួយគ្នា បន្ទាប់មកជូនរដ្ឋមន្ត្រីសម្រេច។
ចំពោះសំណើរបស់កម្ពុជា ដែលស្នើភាគីចិនជួយជំរុញឲ្យបញ្ចប់ការចរចា RCEP នៅឆ្នាំ២០១៨ លោក Zhong Shan បានបញ្ជាក់ថា ប្រាកដណាស់ចិននឹងជំរុញកិច្ចការនេះ ដើម្បីផលប្រយោជន៍តំបន់ទាំងមូល។
លោករដ្ឋមន្ត្រីចិន បានស្នើកម្ពុជាជួយជំរុញឲ្យពាណិជ្ជករកម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូល ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅទីក្រុងសៀងហៃ នៅខែវិច្ឆិកា ឆ្នាំ២០១៨។ ជាការឆ្លើយតបលោក ប៉ាន សូរស័ក្ដិ បានជម្រាបភាគីចិនថា កម្ពុជានឹងចូលរួមពិព័រណ៌ដ៏មានសារៈសំខាន់នេះ ដោយខិតខំជំរុញឲ្យមានអ្នកចូលរួមបានច្រើន ដើម្បីបង្ហាញផលិតផលខ្មែរ ដល់អន្តរជាតិឲ្យបានស្គាល់កាន់តែច្រើនថែមទៀត។
ក្នុងជំនួបនោះទាំងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីពាណិជ្ជកម្មចិន បានបង្ហាញស្មារតីសហការគ្នាឲ្យបានកាន់តែប្រសើរ ដើម្បីផលប្រយោជន៍រួម៕