(ភ្នំពេញ)៖ និស្សិតកម្ពុជា ដែលកំពុងសិក្សានៅមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ (FDS) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន៣រូប ទទួលបានជ័យលាភីចំណាត់ថ្នាក់ លេខ១ លើការប្រកួតប្រជែងគម្រោងជំនួញខ្នាតតូចល្អបំផុតដើម្បីវិនិយោគ The Best Project for Incubation Team Award និងម្នាក់ទៀតទទួលបានរង្វាន់ The Best Multinational Team Award ក្នុងកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ Yout Innovation Competition on Lantsang-Mekong Region’s Governance and Development (YICMG) 2018 នៅប្រទេសឡាវ។ ការប្រកួតប្រជែងនេះ គឺមានការចូលរួមពីបណ្តាប្រទេសទាំង៦ ក្នុងតំបន់ឡានឆាង-មេគង្គដែលមានដូចជា ចិន កម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម។
និស្សិតទាំង៣រូប ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់ លេខ១ លើការប្រកួតប្រជែងគម្រោងជំនួញខ្នាតតូច រួមមាននិស្សិត ភិន គន្ធី ជំនាញអភិវឌ្ឍន៍សហគមន៍ និង និស្សិត វ៉ាន់ ជឿន ជំនាញអភិវឌ្ឍន៍សហគមន៍ និស្សិត ផាន់ ស្រីកា សិក្សាជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច។ ចំណែក យុវតី ពេញ សុគន្ធាវី សិក្សាជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលទទួលបានពានរង្វាន់ឆ្នើមពីការប្រកួតប្រជែង ពានរង្វាន់ Multi International Team award នៅប្រទេសឡាវ បានសម្តែងការសប្បាយចិត្តព្រមៗគ្នា ពួកគាត់ពិតជាមានមោទនភាពណាស់ ដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងលើគម្រោងជំនួញខ្នាតតូច ប្រកបដោយការច្នៃប្រឌិត ជាមួយបណ្តាប្រទេសទាំង៦ ក្នុងតំបន់ឡានឆាង-មេគង្គដែលមានដូចជា ចិន កម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News អ្នកគ្រូ ដួង ច័ន្ទមេត្តាចំប៉ាវៀង ជាសាស្រ្តចារ្យក្នុងដេប៉ាតឺម៉ង់អភិវឌ្ឍន៍ នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ និងជាតំណាងដឹកនាំក្រុមការងារ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ទៅចូលរួមការប្រកួត បានឲ្យដឹងថា នេះពិតជាមោទនៈភាពមួយសម្រាប់ប្រទេសកម្ពុជា និងសម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលនិស្សិតវ័យក្មេងកម្ពុជា បានទទួលជ័យលាភី ក្នុងការប្រកួតលំដាប់អន្តរជាតិ ជាមួយបណ្តាប្រទេសមួយចំនួនទៀត។
អ្នកគ្រូ ដួង ច័ន្ទមេត្តាចំប៉ាវៀង ប្រាប់បន្ថែមថា ទោះបីជានិស្សិតកម្ពុជា នៅមានបញ្ហាភាសាអង់គ្លេស តែពួកគាត់បានខិតខំប្រឹងប្រែង ដោយមានភាពក្លាហាន ឈរនិយាយ នៅលើវេទិកា បង្ហាញសមត្ថភាពជូនអន្តរជាតិបានដឹងថា កម្ពុជា ក៏មានធនធានមនុស្ស ច្រើន មិនចាញ់ប្រទេសជិតខាងឡើយ។
និស្សិត ផាន់ ស្រីកា បានប្រាប់ថា គម្រោងដែលក្រុមកញ្ញា យកមកប្រកួតប្រជែង រហូតទទួលបានជ័យលាភី គឺការដាំបន្លែគ្មានជាតិគីមី នៅលើទឹក ដោយសារតែការដាំបន្លែប្រភេទនេះ គឺមានអត្ថប្រយោជន៍ជូនប្រជាជនទាំងខែលិចទឹក និងខែមិនលិចទឹក។
យុវតី ពេញ សុគន្ធាវី សិក្សាជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច និងជានិស្សិតចូលរួមប្រកួតប្រជែងម្នាក់ដែរនោះ ក៏ទទួលបានពានរង្វាន់ Multi International Team award។ ជាពានរង្វាន់ដែលទទួលបានពីការធ្វើការជាក្រុមជាមួយនិស្សិតបរទេស ដែលបានចូលរួមការប្រកួត ដូចគ្នា។
កញ្ញា ពេញ សុគន្ធាវី បានបញ្ជាក់ថា ក្រុមរបស់កញ្ញា ដែលមានសមាជិក៣នាក់ ក្នុងនោះ មានម្នាក់ជាជនជាតិវៀតណាម ម្នាក់ជាជនជាតិឡាវ និងកញ្ញា ជាជនជាតិខ្មែរ គឺបានជ្រើសរើសយកប្រធានបទ ទាក់ទងនឹង App Fastfood។ សុគន្ធាវី បន្តថា ប្រធានបទនេះ គឺមានការចាប់អារម្មណ៍ខ្លាំង ហើយទំរាំតែទទួលបានជោគជ័យ គឺត្រូវឆ្លងកាត់ឧបសគ្គលំបាកៗជាច្រើន តែក្រុមរបស់កញ្ញា អាចធ្វើបាន អាចឈានដល់ការទទួលបានពានរង្វាន់ទៀតផង។
អ្នកគ្រូ ដួង ច័ន្ទមេត្តាចំប៉ាវៀង បង្ហាញការជឿជាក់ថា នៅឆ្នាំ២០១៩ខាងមុខនេះ ខណៈកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ ការប្រកួតប្រជែងនេះ កម្ពុជា នឹងមាននិស្សិតកាន់តែច្រើនចូលរួម និងទទួលបានជ័យលាភីកាន់តែច្រើនឡើងថែមទៀត។
សាស្រ្តចារ្យរូបនេះ ក៏បានផ្ញើសារទៅដល់ សិស្សនិស្សិតកម្ពុជាទាំងអស់ ឲ្យធ្វើយ៉ាងណាខិតខំរៀនជំនាញភាសាអង់គ្លេសឲ្យបានល្អ ហើយ ត្រូវមានជំនឿជឿជាក់លើខ្លួនឯង កុំចុះចាញ់ និងត្រូវហ៊ានសាកល្បងឲ្យបានច្រើន ដើម្បីទុកជាបទពិសោធន៍ទៅថ្ងៃខាងមុខទៀត។
គួរបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ចូលនិស្សិតកម្ពុជា ទៅចូលរួមការប្រកួតខាងលើនេះ ចំនួន៣លើករួចមកហើយ។ តាមការគ្រោងទុក នៅឆ្នាំ២០១៩ខាងមុខនេះ កម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតប្រជែងថ្នាក់អន្តរជាតិនេះផងដែរ៕