(ព្រះវិហារ)៖ រថយន្តយីឌុបដឹកទំនិញល្មើសច្បាប់មួយគ្រឿង ដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេស ត្រូវមន្ទីរសាធារណការខេត្តព្រះវិហារ ចាប់កាត់ទ្រុងជាលើកទី២ ក្រោយធ្លាប់ត្រូវបានសមត្ថកិច្ចខេត្តផ្សេង ចាប់កាត់ទ្រុងម្ដងរួចមកហើយនោះ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានមានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា នៅល្ងាចថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០១៨ មានរថយន្តយីឌុបដឹកទំនិញ ត្រូវបានសមត្ថកិច្ចឃាត់នេះ ម៉ាក FUZU ពាក់ស្លាកលេខភ្នំពេញ 3B-5736 ដែលជាប្រភេទរថយន្តខ្នាត់យក្ស។
លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា តាមពិតរថយន្តដែលសមត្ថកិច្ចឃាត់នេះ គឺត្រូវបានសមត្ថកិច្ចនៅខេត្តផ្សេង ចាប់កាត់ទ្រុងចេញម្តងរួចមកហើយ ប៉ុន្តែបែរជាម្ចាស់រថយន្តមិនរៀងចាល តែដោយសារមិនអនុវត្តតាមច្បាប់បែបនេះ ទើបសមត្ថកិច្ចចាប់ឃាត់ជាលើកទី២ ដើម្បីកាត់ទ្រុងចេញឲ្យត្រូវតាមច្បាប់កំណត់។
ដោយឡែកលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា ចំពោះរថយន្តដែលកែឆ្នៃខុសបច្ចេកទេសនេះ លោកសុំឲ្យមន្ត្រីជំនាញធ្វើការអនុវត្តទៅតាមច្បាប់ដោយមិនលើកលែង ហើយលោកក៏ធ្វើការអំពាវនាវឲ្យម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕